Khmer suport khmer cc time

SME Bank ផ្តល់ឥណទានសរុបជិត ៥០០ លានដុល្លារ ដល់សហគ្រាសជាង ៣,៤០០ មូលដ្ឋានអាជីវកម្ម គិតត្រឹមឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៥ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ ដល់សហគ្រាសជាង ៣,៤០០ មូលដ្ឋានអាជីវកម្ម ក្នុងវិស័យអាទិភាព រួមមានការកែច្នៃ កសិផល ការផលិតម្ហូបអាហារ ឧស្សាហកម្ម និងសេវាកម្ម។ នេះបើតាមការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធី“ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនតូចមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

នាឱកាសនេះ សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សហគ្រាសធុនតូចមីក្រូ តូច និងមធ្យម(MSMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យឯកជន។ ខណៈយោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ កម្ពុជាមានមូលដ្ឋានអាជីវកម្ម និងសហគ្រាសសរុបប្រមាណ ៧៥៣ ៦៧០ មូលដ្ឋាន ដែល ៦០ ៥០៣ ជាសហគ្រាសធុនតូច និងមធ្យម។

សម្ដេចបញ្ជាក់ថា MSMEs ផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ២,៩៨ លាននាក់ ក្នុងនោះស្ត្រីមានជាង ១,៨៤ លាននាក់ ស្មើនឹងជាង ៦០% នៃកម្លាំងពលកម្មសរុប។ MSMEs ត្រូវបានប៉ាន់ប្រមាណថា រួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារលើសពី ៧០% នៃការងារក្រៅវិស័យកសិកម្ម។

គិតត្រឹមឆ្នាំ២០២៥ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ ដល់សហគ្រាសជាង ៣,៤០០ មូលដ្ឋានអាជីវកម្ម ក្នុងវិស័យអាទិភាព រួមមានការកែច្នៃ កសិផល ការផលិតម្ហូបអាហារ ឧស្សាហកម្ម និងសេវាកម្ម។

ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ (ARDB) បានបន្តផ្តល់ហិរញ្ញប្បទានដល់ខ្សែច្រវាក់តម្លៃកសិកម្ម និងការកែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល៕

Khcct banner

អត្ថបទទាក់ទង