Khmer suport khmer cc time

សមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែតុលា ដឹកនាំគណៈប្រតិភូសមាគម អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនេះ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ។

ការដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការតភ្ជាប់គោលនយោបាយ យន្តការ និងវិធានការគាំទ្រនានា ឱ្យកាន់តែប្រទាក់ក្រឡា គ្រប់ជ្រុងជ្រោយ និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្តែងរបស់សហគ្រាស។

ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រនេះឱ្យទទួលបានលទ្ធផលជាក់ស្តែង រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំវិធានការសំខាន់ៗមួយចំនួន រួមមាន៖ ការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យមជាច្រកចេញចូលតែមួយ ការរៀបចំគម្រោងសាកល្បងសម្រាប់ការចុះបញ្ជី អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតជាកញ្ចប់តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យ CamDX ការពង្រីកសេវាសាធារណៈអេឡិចត្រូនិកសម្រាប់ MSMEs និងការរៀបចំលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ សម្រាប់ការគ្រប់គ្រងវដ្តអាជីវកម្ម និងការផ្តល់ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ។

យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចដែលអាចចាត់ទុកថាជា MSMEs ប្រមាណ ៧៥ម៉ឺនអង្គភាព ដែលប្រើប្រាស់កម្លាំងពលកម្មប្រមាណ ៣លាននាក់ ក្នុងនោះស្ត្រីមានប្រមាណ ១,៨លាននាក់។ MSMEs បានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារលើសពី ៧០% ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម។

តួលេខទាំងនេះ បង្ហាញយ៉ាងច្បាស់ពីតួនាទីដ៏សំខាន់របស់ MSMEs ក្នុងការរក្សាចលនាសេដ្ឋកិច្ច បង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិនេះ បានបង្ហាញពីការគាំទ្រយ៉ាងមុតមាំចំពោះគោលនយោបាយ និងទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ MSMEs ឱ្យកាន់តែរឹងមាំ មានភាពប្រកួតប្រជែង និងមានសមត្ថភាពចូលរួមកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់។

ក្នុងនាមជាស្ថាប័នវិស័យឯកជនដែលប្រមូលផ្តុំដោយធុរជន និងវិនិយោគិនលើពហុវិស័យ សមាគមឧកញ៉ាកម្ពុជា នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតី «គិតជាមួយគ្នា ធ្វើជាមួយគ្នា និងទទួលខុសត្រូវរួមគ្នា» ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសកម្ពុជា បង្កើតការងារ ពង្រឹងផលិតភាព និងសមត្ថភាពប្រកួតប្រជែង ព្រមទាំងរួមចំណែកកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ រុងរឿង និងមានចីរភាព៕


Khcct banner

អត្ថបទទាក់ទង