Smart saver cctime web bannertif

សហរដ្ឋអាម៉េរិកតាំងចិត្តបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជាពិសេសក្នុង«វិស័យសុខាភិបាល»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ ភារៈធារីស្តីទីស្ថានទូតអាម៉េរិកប្រចាំប្រទេសកម្ពុជា បានសង្កត់ធ្ងន់ទៅលើការតាំងចិត្តរបស់ស្ថានទូតសហរដ្ឋអាម៉េរិកនៅក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល និងមានក្តីសង្ឍឹមថាការប្រែប្រួលនៃការផ្តល់ជំនួយរបស់សហរដ្ឋអាម៉េរិកនេះ នឹងជំនួសមកវិញនូវទម្រង់នៃការផ្តល់ជំនួយមួយដែលកាន់តែមានប្រសិទ្ធិភាព។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី០១ ខែកក្កដា ឆ្នា២០២៥។

នាឱកាសនេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាម៉េរិក ដែលបានផ្តល់ជំនួយដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការទ្វេភាគីនៃសហរដ្ឋអាម៉េរិកនានាដូចជា ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (US-CDC) និងវិទ្យាស្ថានសុខភាពជាតិនៃសហរដ្ឋអាម៉េរិក (NIH) ដែលភ្នាក់ងារទាំងនេះបានសហការគាំទ្រវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ដែលមានភាពធន់ នៅកម្ពុជានាពេលកន្លងមក។

ជាកិច្ចឆ្លើយតប លោកស្រី Bridgette L. Walker ភារៈធារីស្តីទីស្ថានទូតអាម៉េរិកប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាលដែលបានផ្តល់ការគាំទ្រដល់គម្រោងផ្តួចផ្តើមនានារបស់សហរដ្ឋអាម៉េរិកនិងបានជម្រាបជូនដល់ក្រសួងសុខាភិបាល ពីការកែរសម្រួលថ្មីៗរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានកាត់បន្ថយ និងតម្រង់ទិសឡើងវិញការផ្តល់ជំនួយមួយភាគធំរបស់ភ្នាក់ងារ USAID។ នៅក្នុងស្ថានភាពនេះលោកស្រីក៏បានសង្កត់ធ្ងន់ទៅលើការតាំងចិត្តរបស់ស្ថានទូតសហរដ្ឋអាម៉េរិកនៅក្នុងការបន្តរកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាជាពិសេសក្នុងវិស័យសុខាភិបាល និងមានក្តីសង្ឍឹមថាការប្រែប្រួលនៃការផ្តល់ជំនួយរបស់សហរដ្ឋអាម៉េរិកនេះ នឹងជំនួសមកវិញនូវទម្រង់នៃការផ្តល់ជំនួយមួយដែលកាន់តែមានប្រសិទ្ធិភាព។

ជាការឆ្លើយតប លោកសាស្រ្តាចារ្យបានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់ភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជាដែលបានបារម្ភចំពោះផលប៉ះពាល់នៃការកែប្រែលក្ខខណ្ឌនៃការផ្តល់ជំនួយរបស់រដ្ឋបាលថ្មី និងបានបញ្ជាក់ពីការខិតខំអស់ពីកម្លាំងកាយចិត្តធ្វើការពន្យល់ដល់រដ្ឋាភិបាលអាម៉េរិករហូតដល់អាចរក្សាបានគម្រោងមួយចំនួនដែលមានភាពចាំបាច់សម្រាប់ប្រជាជនកម្ពុជាដែលងាយរងគ្រោះពិសេសទាក់ទងនឹងការងារកាត់បន្ថយជំងឺរបេង លុបបំបាត់ជំងឺគ្រុនចាញ់និង លុបការឆ្លងរបស់ជំងឺអេដស៍។ ទន្ទឹមនឹងការតាំងចិត្តនិងការទទួលខុសត្រូវ វិស័យសុខាភិបាល ក៏នៅតែស្វាគមន៍ជំនួយបន្ថែមពីដៃគូពាក់ព័ន្ធទាំងបច្ចេកទេសនិងថវិកាដើម្បីជំរុញលទ្ធភាព របស់ប្រព័ន្ធសុខាភិបាលបានកើនឡើងមួយកម្រិតទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង