Smart saver cctime web bannertif

សហព័ន្ធស្រូវអង្ករ៖«កញ្ចប់អង្ករ»រូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃមិនត្រូវបានបោះពុម្ពក្នុងកម្ពុជាឡើយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី ២៩ មិថុនានេះ បានចេញសេចក្តីជូនដំណឹងដោយបានបដិសេធ«កញ្ចប់អង្ករ»ដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។ក្នុងសេចក្តីប្រកាសនោះ បានបញ្ជាក់ថា ប្រទេសកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងច្បាប់ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ដែលបានហាមឃាត់លើការប្រើប្រាស់និមិត្តសញ្ញាដែលដូច ឬ ស្រដៀង ឬ មានផ្នែកណាមួយដូចទៅនឹងទង់ជាតិរបស់ប្រទេស នានា នៅលើពិភពលោក។

យោងតាមសេចក្តីជូនដំណឹង សហព័ន្ធស្រូវអង្ករកម្ពុជា បានសង្កេតឃើញថា មានការបង្ហោះព័ត៌មានស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម បានសរសេរជាភាសាថៃ និង បោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។

បើតាមសេចក្តីជូនដំណឹង ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតលើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ដែលបាននាំចេញអង្ករទៅប្រទេសចិន និងបានសហការជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ប្រទេសចិន CCIC (Cambodia) Co., Ltd. សហព័ន្ធស្រូវអង្ករកម្ពុជា ហើយកញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។សម្រាប់សហព័ន្ធ ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវដែលមានទម្ងន់ ២៥គីឡូក្រាម និង ៥០គីឡូក្រាម។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបដិសេធទាំងស្រុងចំពោះសម្បកវេចខ្ចប់អង្ករដែលមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ។ ប្រទេសកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងច្បាប់ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ដែលបានហាមឃាត់លើការប្រើប្រាស់និមិត្តសញ្ញាដែលដូច ឬ ស្រដៀង ឬ មានផ្នែកណាមួយដូចទៅនឹងទង់ជាតិរបស់ប្រទេស នានា នៅលើពិភពលោក៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង