Smart saver cctime web bannertif

ក្រុមហ៊ុនរដ្ឋចិនមួយនៃទីក្រុងអ៊ូស៊ី មានឆន្ទៈអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តាមរយៈការកែច្នៃផលិតផលកសិផលនាំចូលទៅកាន់ទីផ្សារចិនវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រុម្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ភ្នំពេញ៖ ក្រុមហ៊ុន Wuxi Guolian Group Co., Ltd. ដែលជាក្រុមហ៊ុនរដ្ឋចិនដែលមានអាយុកាលប្រមាណ១០៦ឆ្នាំ និងមានកម្មវត្ថុអាជីវកម្មក្នុងវិស័យជាច្រើន មានឆន្ទៈរួមចំណែកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែរីកលូតលាស់ និងជំរុញការកែច្នៃផលិតផលកសិផលដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន។

លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ហ័រ សៀវហ្វុង (Hua Xiao Feng) អនុប្រធានក្រុមហ៊ុន Wuxi Guolian Group Co., Ltd. មកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

លោក ជា វិទ្ធី បានលើកឡើងពីស្ថានភាពវិនិយោគ និងស្ថានភាពតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលទីក្រុងអ៊ូស៊ីដែលតែងតែខិតខំជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងអ៊ូស៊ីដើម្បីមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ មួយវិញទៀត លោកក៏បានស្នើសូមឱ្យភាគីចិនជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ដើម្បីជំរុញតម្លៃបន្ថែមក្នុងស្រុក។

លោក ហ័រ សៀវហ្វុង បានលើកឡើងពីឆន្ទៈរួមចំណែកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែរីកលូតលាស់ និងជំរុញការកែច្នៃផលិតផលកសិផលដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន ហើយលោកសង្ឃឹមថាតាមរយៈជំនួបនាពេលនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រដល់វិនិយោគិនមកពីទីក្រុងអ៊ូស៊ីក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ជាការឆ្លើយតប លោក ជា វុទ្ធី បានបង្ហាញនូវសុទិដ្ឋិនិយម ហើយសង្ឃឹមយ៉ាងមុតមាំថាក្រុមហ៊ុន Wuxi Guolian Group Co., Ltd. នឹងបន្តជំរុញវិនិយោគិនមកពីទីក្រុងអ៊ូស៊ីមកបណ្តាក់ទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជា ហើយការណ៍នេះជាថ្នាលផ្សារភ្ជាប់នូវកិច្ចសហប្រតិបត្តិការកម្ពុជា ចិនឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីវិនិយោគរវាងទីក្រុងអ៊ូស៊ី និងកម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុន Wuxi Guolian Group Co., Ltd. ដែលជាក្រុមហ៊ុនរដ្ឋចិនដែលមានអាយុកាលប្រមាណ១០៦ឆ្នាំ និងមានកម្មវត្ថុអាជីវកម្មក្នុងវិស័យជាច្រើនដូចជាហិរញ្ញវត្ថុ, ផ្សារមូលបត្រ, កម្មន្តសាល, ថាមពលបៃតង និងថាមពលកកើតឡើងវិញ។ល។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានវិនិយោគក្នុងគម្រោងអាកាសយានដ្ឋាន សណ្ឋារគារ និងរថភ្លើងក្រោមដីផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង