ភ្នំពេញ៖ ប្រាក់ខែគោលរបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ ត្រូវបានកំណត់ជាផ្លូវការចំនួន ២១២ ដុល្លារ។ការសម្រេចនេះ ធ្វើឡើងក្រោយពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបានប្រជុំពិភាក្សាជាលើកចុងក្រោយ ដើម្បីពិភាក្សា និងពិនិត្យលើការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧។
ក្នុងកិច្ចប្រជុំចរចាត្រីភាគី និងការបោះឆ្នោ តួលេខចំនួន ២១០ដុល្លារ ដែលជាប្រាក់ឈ្នួលបរមាឆ្នាំ២០២៦ ទទួលបានសំឡេងគាំទ្រច្រើនជាងគេ ៤៧/៥១សំឡេង ហើយសម្តេច ហ៊ុន ម៉ាណែត សម្រេចបន្ថែមទឹកប្រាក់ចំនួន ២ដុល្លារ ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត កើនឡើងពីចំនួន ២១០ដុល្លារ (ក្នុងឆ្នាំ២០២៦) ទៅដល់ ២១២ដុល្លារ ក្នុងមួយខែ (សម្រាប់ឆ្នាំ២០២៧)។
គួរបញ្ជាក់ថា បន្ថែមពីប្រាក់ខែគោលថ្មី ២១២ដុល្លារនេះ កម្មករក្នុងវិស័យកាត់ដេរនៅតែបន្តទទួលបាននូវប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀតជារៀងរាល់ខែ រួមមាន៖ ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ៖ ចំនួន ៧ ដុល្លារ/ខែ ,ប្រាក់រង្វាន់ធ្វើការទៀងទាត់៖ ចំនួន ១០ ដុល្លារ/ខែ,ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោង (Overtime) ដោយស្ម័គ្រចិត្ត៖ ចំនួន ២,០០០ រៀល/ថ្ងៃ (ឬទទួលបានបាយមួយពេលដោយឥតគិតថ្លៃ),ប្រាក់អតីតភាពការងារ៖ ចន្លោះពី ២ ទៅ ១១ ដុល្លារ/ខែ (សម្រាប់កម្មករនិយោជិតដែលបម្រើការងារចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១)៕