Swift cc time

កម្ពុជាប្រកាសបើក«សប្តាហ៍គាំពារសង្គមឆ្នាំ២០២៦» និងប្រកាសដាក់ឱ្យអនុវត្តផែនការប្រតិបត្តិឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦–២០៣០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំពិធីបើក «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។ ក្នុងឱកាសនេះ ក៏មានការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការប្រតិបត្តិសម្រាប់អនុវត្តគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦–២០៣០»។

បើតាមក្រុមប្រឹក្សាជាតិគាំពារសង្គម សប្តាហ៍គាំពារសង្គមកម្ពុជា លើកទី៥ ប្រព្រឹត្តទៅក្រោមមូលបទ «គាំពារសង្គមក្នុងអំឡុងពហុវិបត្តិ ក្នុងបរិបទកម្ពុជា និងតំបន់៖ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ ភាពធន់ និងចីរភាព» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័ននៃប្រទេសមួយចំនួនក្នុងតំបន់។ ព្រឹត្តិការណ៍នេះ ផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរបទពិសោធ មេរៀន និងឧត្តមានុវត្តន៍ ក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមក្នុងគ្រាពហុវិបត្តិ។

នាឱកាសនេះ លោក អូន ព័ន្ធមុន្នីរ័ត្ន បានបញ្ជាក់ថា ផែនការប្រតិបត្តិឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦–២០៣០ ដែលប្រកាសដាក់ឱ្យអនុវត្តក្នុងឱកាសនេះ គឺជាជំហានបន្ថែមក្នុងការធ្វើស្ថាប័នូបនីយកម្មប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមឆ្លើយតបនឹងគ្រោះអាសន្ន និងវិបត្តិនានា។

គោលដៅសំខាន់នៃផែនការនេះ គឺធានាឱ្យការផ្តល់កិច្ចគាំពារដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ មានលក្ខណៈជាប្រព័ន្ធ អាចព្យាករទុកជាមុន ទាន់ពេល និងមានប្រសិទ្ធភាព ទាំងក្នុងអំឡុងគ្រោះអាសន្ន ដើម្បីរក្សាលំនឹងជីវភាព និងក្រោយគ្រោះអាសន្ន ដើម្បីស្តារជីវភាពឡើងវិញ។

គួរបញ្ជាក់ថា វិសាលភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ឆ្នាំ២០២៦ បានកើនឡើង ២,៥ ដង បើធៀបនឹង ឆ្នាំ២០១៧ ពោលគឺអ្នកទទួលផលពីប្រព័ន្ធគាំពារសង្គមបានកើនឡើងពីចំនួនត្រឹមតែ ៣,៣ លាននាក់ កាលពីឆ្នាំ២០១៧ ដល់ចំនួនប្រមាណ ៨,៥ លាននាក់ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៦ នេះ៕


Khcct banner

អត្ថបទទាក់ទង