ភ្នំពេញ៖ កម្ពុជា-នូវែលសេឡង់ ឯកភាពគ្នាជំរុញពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលភាគីទាំងពីរជាសមាជិក។ ការឯកភាពគ្នានេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជិវៈជាមួយលោកស្រី Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា នាថ្ងៃទី២៨កញ្ញា។
នាឱកាសនេះ លោកស្រី ចម និម្មល បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់នូវែលសេឡង់ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ ក៏ដូចជាជំនួយបច្ចេកទេសដែលបានជួយលើកកម្ពស់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា RCEP និង AANZFTA។
ភាគីទាំងពីរបានរំលឹកឡើងវិញនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងនូវែលសេឡង់ជាពិសេសលើវិស័យពាណិជ្ជកម្ម ព្រមទាំងបានកត់សម្គាល់ ចំពោះកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរបានពិភាក្សាអំពីកាលានុវត្តភាព ក្នុងការជំរុញពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត តាមរយៈការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលភាគីទាំងពីរជាសមាជិក។ ជាមួយគ្នានេះដែរ ភាគីនូវែលសេឡង់បានបង្ហាញការគាំទ្រសំណើកម្ពុជា ក្នុងការចូលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)៕