
ភ្នំពេញ៖ ក្នុងឆមាសទី១ឆ្នាំ២០២៥នេះ (គិតចាប់ពីខែមករា ដល់ខែមិថុនា) កម្ពុជារកចំណូលបានជាង ២៦លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិជាង៥៦ម៉ឺននាក់ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ៨.៧៦ ភាគរយ បើធៀបនឹងឆ្នាំរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។
របាយការណ៍បញ្ជាក់ថា ដោយឡែកក្នុងខែមិថុនា ឆ្នាំ២០២៥ ភ្ញៀវអន្តរជាតិ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៤០ ០៩៦ ធ្លាក់ចុះ១៩.៣១% ហើយទទួលបានចំណូល១.៧លានដុល្លារ ធ្លាក់ចុះ១៨.៧៧%។
ជាមួយគ្នានេះ ក្នុងរយៈពេល៦ខែនេះ ការលក់បណ្ណចូលទស្សនានៅប្រាសាទកោះកែរមានចំនួន ១២ ០៧៦នាក់ ទទួលបានចំណូល១៨១ ១៤០ដុល្លារ, ការលក់សំបុត្រនៅប្រាសាទបេងមាលា មានចំនួន ៨ ១៩៩នាក់ ដោយទទួលបានចំណូល ៨១ ៩៩០ដុល្លារ, ការលក់សំបុត្រនៅភ្នំក្បាលស្ពាន មានចំនួន ៦៤៤នាក់ ទទួលបានចំណូល៣ ២២០ដុល្លារ និងការលក់សំបុត្រទូក រកចំណូលបានចំនួន ៨៤២ ៧២២ដុល្លារ។ នេះបើតាមរបាយការណ៍៕
