
ភ្នំពេញ៖ កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំ លើវិស័យសក្តានុពលមួយចំនួន រួមមាន៖ ពាណិជ្ជកម្ម, កសិកម្ម, វប្បធម៌, ទេសចរណ៍ និង អាកាសចរណ៍ ជាដើម។ ការបន្តពង្រឹងនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោកបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីមអាល-សេក្ខ ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។
នាឱកាសនេះ លោកប្រធានសភាបានលើកឡើងអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការនេះ ក្នុងនោះ គោលដៅចម្បង គឺដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងរឹងមាំ។
ជាមួយនឹងការជម្រាបជូនអំពីសក្តានុពល និងការរីកចម្រើនដ៏ឆាប់រហ័សរបស់អារ៉ាប់ប៊ីសាអូឌីត, លោកប្រធានសភាក៏បានលើកឡើងថា កម្ពុជា ជាប្រទេសដែលមានសក្តានុពល ហើយកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយក្នុងគោលដៅធានានូវកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ជាពិសេស ការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ជាការឆ្លើយតប បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីត ដែលបានជួយគាំទ្រដល់សហគមន៍ឥស្លាមនៅកម្ពុជា និងបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ កម្ពុជា-អារ៉ាប់ប៊ីសាអូឌីត ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងល្អនៃស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
សម្តេច ហ៊ុន ម៉ាណែត និងលោកប្រធានសភា ក៏បានផ្លាស់ប្តូរយោបល់ និង ពិភាក្សាគ្នា ក្នុង ការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យសក្តានុពលមួយចំនួន រួមមាន៖ ពាណិជ្ជកម្ម, កសិកម្ម, វប្បធម៌, ទេសចរណ៍ និង អាកាសចរណ៍ ជាដើម។ សម្តេច និង លោកប្រធានសភា ក៏បានឯកភាព និង លើកទឹកចិត្តដល់ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ ទំនងគ្នាឱ្យកាន់តែជិតស្និទ្ធ និង សកម្មបន្ថែមទៀត ដើម្បីបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត៕


