
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៨៧ ០៧០ តោន គិតជាទឹកប្រាក់មានចំនួន ២៨៣.៤១ លានដុល្លារសហរដ្ឋអាម៉េរិក។ អង្ករទាំងនេះត្រូវបាននាំចេញតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥០ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
បើតាមរបាយការណ៍ ក្នុងចំណោមគោលដៅចំនួន៦៣ កម្ពុជាបាននាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៨២ ៨៨៥ តោន គិតជាទឹកប្រាក់ចំនួន ១៤៣.៦៤ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១០២ ៥០៩ តោន គិតជាទឹកប្រាក់ចំនួន ៦០.២៥ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ ប្រទេសបានបរិមាណចំនួន ៥២ ៨៩០ តោន គិតជាទឹកប្រាក់ចំនួន ៣៧.០៩ លានដុល្លារសហរដ្ឋអាម៉េរិក និងទៅកាន់គោលដៅ ៣២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៤៨ ៧៨៥ តោន គិតជាទឹកប្រាក់ចំនួន ៤២.៤២ លានដុល្លារសហរដ្ឋអាម៉េរិក។
របាយការណ៍បញ្ជាក់ថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៥% ប្រភេទអង្ករសគ្រាប់វែង ១៩.៦៨% អង្ករចំហ៊ុយ ២.៤៩% អង្ករសរីរាង្គចំនួន ២.១៣% និងអង្ករផ្សេងៗចំនួន ០.៧% ។
ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ១៧៦ ៥៦១ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៧៥៧.៤៩ លានដុល្លារសហរដ្ឋអាម៉េរិក ៕
