681 ezgif.com resize
Swift cc time

វិទ្យាល័យ ហ៊ុន សែន ពាមជីកង រៀបចំ«ពិព័រណ៍ស្នាដៃសិស្ស» ដើម្បីឱ្យសិស្សបញ្ចេញសមត្ថភាព ទេពកោសល្យដល់សហគមន៍

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបភាពពី៖ គេហទំព័រក្រសួងអប់រំ 

កំពង់ចាម ៖ វិទ្យាល័យ ហ៊ុន សែន ពាមជីកង នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំ “ពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំសិក្សា២០២៤-២០២៥” ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ ពិព័រណ៍នេះបានផ្តល់ឱកាសឱ្យសិស្សបញ្ចេញសមត្ថភាព ទេពកោសល្យដល់សហគមន៍ឱ្យចាប់អារម្មណ៍លើការអប់រំបែបស្ទែម(STEM) ដែលឆ្លុះបញ្ចាំងពីបំណិនរបស់សិស្ស។

យោងតាមគេហទំព័រក្រសួងអប់រំ វិទ្យាល័យ ហ៊ុនសែន ពាមជីកង បានរៀបចំពិព័រណ៍នេះឡើង ដើម្បីបង្ហាញនូវសមិទ្ធផលដែលជាស្នាដៃកើតចេញពីការសិក្សារបស់សិស្សានុសិស្ស បង្កើនចំណងទំនាក់ទំនងរវាងសាលារៀន សហគមន៍ មាតាបិតាអាណាព្យាបាលសិស្ស និងជាការបង្ហាញបរិស្ថានសិក្សាដល់សហគមន៍។

ការរៀបចំពិធីពិព័រណ៍ស្នាដៃសិស្សវិទ្យាល័យ ហ៊ុន សែន ពាមជីកង ធ្វើឡើងរយៈពេលមួយថ្ងៃ ដោយបានរៀបចំតុបតែងស្តង់ចំនួន២៤១ស្តង់ ស្មើនឹង២៤១ប្រធានបទ ដែលបង្ហាញពីសមិទ្ធផលដែលសិស្សខិតខំធ្វើឡើង និងចែករំលែកដល់មិត្តរួមថ្នាក់។ ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាល័យ ហ៊ុន សែន ពាមជីកង មានសិស្សានុសិស្សចំនួន៣៨ថ្នាក់ មាន៦កម្រិតផងដែរ។

បើតាមប្រភពដដែល វិទ្យាល័យ ហ៊ុន សែន ពាមជីកងបានកែប្រែមុខមាត់ថ្មី ក្លាយជាសាលារៀនជំនាន់ថ្មី ជាពិសេសបានជាប់ស្ដង់ដាសាលារៀនគំរូកាលពីឆ្នាំកន្លងទៅផងដែរ។ ការតាំងពិព័រណ៍នេះជាការបង្ហាញពីការយល់ដឹង និងអ្វីដែលសិស្សានុសិស្សបានរៀន ចូលរួមធ្វើសកម្មភាពលើអ្វីដែលគេបានរៀន និងជាការសហការគ្នាពីការយល់ដឹង ធ្វើឱ្យការរៀនសូត្រមានអត្ថន័យកាន់តែខ្លាំងក្លាឡើង។

អំឡុងពេលកម្មវិធី លោក វង ភិរុណ អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ បានលើកឡើងអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតដែលម៉ាស៊ីនដើរតួនាទីជំនួសមនុស្ស និងមានភាពឆ្លាតវៃ ហើយការតាំងពិព័រណ៍នេះនឹងជួយសិស្សឱ្យអនុវត្តចំណេះដឹងតាមសេណារីយ៉ូពិភពពិត ដោយបទពិសោធន៍ជាក់ស្ដែងទាំងនេះនឹងជួយសិស្សឱ្យអនុវត្តចំណេះដឹងរបស់ខ្លួនតាមរបៀបដ៏មានប្រសិទ្ធភាព និងរៀបចំខ្លួនសម្រាប់ប្រកួតប្រជែងក្នុងការសិក្សាវិជ្ជាជីវៈក្នុងពេលអនាគត។ លោកក៍បានបន្ថែមទៀតថា សាលាជំនាន់ថ្មីនេះ គឺបានផ្តល់បច្ចេកទេស ចំណេះជំនាញយ៉ាងច្រើន ជាពិសេសនោះទេពកោសល្យតាមចំណូលចិត្តរបស់សិស្ស ដើម្បីស្វែងយល់ខ្លួនឯង និងត្រៀមខ្លួនចាប់យកអាជីពនៅពេលអនាគតផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីពិព័រណ៍នេះ មានការចូលរួមពីលោក វង ភិរុណ អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ ថ្នាក់ដឹកនាំក្រសួង ក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មីខេត្តកំពង់ចាម តំណាងអង្គការខេប(KAPE) លោកប្រធានក្រុមប្រឹក្សាស្រុកកងមាស លោកអភិបាលនៃគណៈអភិបាលស្រុកកងមាស គណៈកម្មការគ្រប់គ្រងសាលា គណៈនាយក លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សសាលាបឋមសិក្សា និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង សរុបប្រមាណ១៥០០នាក់៕

Khcct banner

អត្ថបទទាក់ទង