
ភ្នំពេញ៖ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
កំឡុងពេលទស្សនកិច្ចនៅកម្ពុជានេះ លោក Lawrence Wong នឹងមានព្រះរាជសាវនាការជាមួយ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី នឹងមានជំនួបសម្តែងការគួរសមជាមួយ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ លោក Lawrence Wong នឹងមានជំនួបទ្វេភាគី ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើការពិភាក្សាស៊ីជម្រៅបន្ថែមទៀត លើទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និង សិង្ហបុរី។ ដំណើរទស្សនកិច្ចនេះកើតឡើងស្របពេលជាមួយនឹងការប្រារព្ធខួបលើកទី៦០ នៃការបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី៕