Smart saver cctime web bannertif

នាយកដ្ឋានពេទ្យការងារ និងវិទ្យាស្ថានជាតិការងារ សហការរៀបចំទស្សនកិច្ចសិក្សាពី «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានចូលរួមសហការជាមួយ វិទ្យាស្ថានជាតិការងារ រៀបចំដំណើរទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) សម្រាប់សិក្ខាកាមវគ្គសិក្សាថ្នាក់សញ្ញាបត្រវិជ្ជាជីវៈធនធានមនុស្ស ស្ដីពី «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ»។

យោងតាមគេហទំព័រក្រសួងការងារ មន្រ្តីជំនាញនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ នៃនាយកដ្ឋានពេទ្យការងារ បានរៀបចំធ្វើបទបង្ហាញជូនដល់សិក្ខាកាម អំពីឧបករណ៍គ្រឿងម៉ាស៊ីន ជាច្រើនប្រភេទ ដើម្បីធ្វើតេស្តសាកល្បង និងត្រួតពិនិត្យមើលជាក់ស្ដែងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់សម្ភារៈការពារបុគ្គល(PPE) ឧបករណ៍ការពារសុវត្ថិភាពចាំបាច់សម្រាប់បំពាក់លើឧបករណ៍ គ្រឿងម៉ាស៊ីនដែលមានហានិភ័យ ជាពិសេសផ្សារភ្ជាប់សិក្ខាកាម វគ្គសិក្សាថ្នាក់សញ្ញាបត្រវិជ្ជាជីវៈធនធានមនុស្ស ជាមួយនឹងការវិវត្តរបស់ឌីជីថលភាវូបនីយកម្មលើការ បណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា។

បន្ថែមពីនេះ បើតាមប្រភពដដែល សិក្ខាកាមបានធ្វើការពិសោធន៍ផ្ទាល់អំពីការធ្លាក់ពីទីខ្ពស់ ខ្សែក្រវ៉ាត់សុវត្ថិភាព មួកសុវត្ថិភាព ស្បែកជើងសុវត្ថិភាព សុវត្ថិភាពអគ្គិសនី និងការសង្គ្រោះបឋម (first aid) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិត នៅកំឡុងពេលបំពេញការងារ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព និងសុខភាពការងារដល់បងប្អូនកម្មករនិយោជិត ក្នុងគោលបំណងបង្ហាញពីភាពរីកចម្រើនឥតឈប់ឈរ នៃវិស័យសុវត្ថិភាព និងសុខភាពការងារ ជូនដល់សិក្ខាកាមទាំងអស់ ក្រោយពីទទួលបានបទពិសោធន៍ថ្មីៗ ក្នុងការផ្តល់ជូននូវការណែនាំអំពីការសិក្សាសាកល្បង ថែមទាំងបានអនុវត្តដោយផ្ទាល់ ជាមួយមន្រ្តីជំនាញ សុវត្ថិភាព និងសុខភាពការងារ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង