681 ezgif.com resize
Swift cc time

យុវជនជាង១០០នាក់ រួមគ្នាដាំកូនឈើ៥០០ដើម នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យព្រៃគុយ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ យុវជនជាង១០០នាក់ នៅថ្ងៃទី ១៨ មិថុនា ២០២៥ បានដាំកូនឈើ៥០០ដើម នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យព្រៃគុយ នៅខេត្តកំពង់ធំ។ យុវជនក្រុមនេះ យល់ឃើញថាការដាំនៅបរិវេណសាលារៀន នឹងបញ្ជ្រាបផ្នត់គំនិតនៃការស្រឡាញ់បរិស្ថានទៅកាន់សិស្សានុសិស្ស និងប្រជាជននៅតំបន់នោះ។

សកម្មភាពដាំដើមឈើនេះ មានការចូលរួមដាំពីយុវជនសរុបជាង១០០ នាក់ដែលក្នុងនោះរួមមានយុវជនស្ម័គ្រចិត្តដែលជាសិស្សនិស្សិតមកពីបណ្តាសាលារដ្ឋ និងឯកជននានា ដែលធ្វើដំណើរពីរាជធានីភ្នំពេញ និង គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល និងសាធារណៈជន ដែលនៅក្នុងខេត្តកំពង់ធំស្រាប់ ដែលដាំនៅ សាលាបឋមសិក្សា និងអនុវិទ្យាល័យព្រៃគុយ ខេត្តកំពង់ធំ ជាសាលាដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។

លោក វុឌ្ឍី ចន្ទពិសិដ្ឋ , អនុប្រធានក្លឹបធរណីវិទ្យាកម្ពុជា

លោក វុឌ្ឍី ចន្ទពិសិដ្ឋ ដែលជាអនុប្រធានក្លឹបធរណីវិទ្យាកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រុមរបស់លោកបានជ្រើសរើសទីតាំងសាលាសម្រាប់ដាំព្រោះយល់ឃើញថា សាលានៅជាប់ផ្លូវធ្វើដំណើរ ដែលយើងអាចបង្ហាញប្រជាជននៅទីនោះឱ្យបានឃើញ និងបានដឹងអំពីសារៈសំខាន់នៃដើមឈើពេលវាលូតលាស់ធំ ហើយគណៈគ្រប់គ្រងសាលាចង់បញ្ជ្រាបផ្នត់គំនិតនៃការស្រឡាញ់បរិស្ថានទៅកាន់សិស្សានុសិស្ស និងប្រជាជននៅតំបន់នោះ។ បន្ថែមអំពីការដាំកូនឈើ យុវជនស្ម័គ្រចិត្តក្រុមនេះ បានធ្វើដំណើរកម្សាន្តទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រាសាទសម្បូរព្រៃគុកដែល មានមគ្គុទេសន៍ណែនាំ បង្ហាញ អំពីប្រវត្តិសាស្រ្ត និងប្រវត្តិរបស់តំបន់ប្រាសាទទាំងមូលព្រមទាំងមានការស្រាវជ្រាវបែប Photovoice Dialogue។

លោក ស្រៀង គឹមស្រ៊ន, ប្រធានក្លឹបធរណីវិទ្យាកម្ពុជា 

អនុប្រធានក្លឹបរូបនេះ បានគូសបញ្ជាក់ថា ដើមឈើចំនួន ៥០០ដើមនេះ មិនច្រើននោះទេក្នុងការធ្វើឱ្យបរិស្ថានរបស់យើងកាន់តែមានភាពបៃតង ប៉ុន្តែសកម្មភាពនេះបានធ្វើការបណ្ដុះស្មារតីយុវជន កុមារ និងសាធារណៈជនក្នុងការស្រឡាញ់បរិស្ថាន ស្រឡាញ់ធម្មជាតិ និងជាការក្រើនរំឮកឱ្យមានការការពារថែរក្សានូវបរិស្ថានដ៏ស្រស់បំព្រងរបស់យើង។ ចំណែកឯ លោក ស្រៀង គឹមស្រ៊ន ប្រធានក្លឹបធរណីវិទ្យាកម្ពុជា បានរៀបរាប់ថាកម្មវិធីដាំដើមឈើនេះ ពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់ជួយបង្កើនភាពបៃតងនៅក្នុងសាលារៀន និងជួយស្តារធនធានព្រៃឈើឡើងវិញ ដើម្បីចូលរួមចំណែកកាត់បន្ថយការកើនឡើងកម្តៅពិភពលោក។ បន្ថែមពីនេះទៅទៀត សកម្មភាពនេះបានជួយឱ្យសិស្ស និស្សិតមានទំនាក់ទំនងគ្នា សហការគ្នា និងបង្កើនមិត្តភាពក្នុងក្រុមផងដែរ។

គួរបញ្ជាក់ថា ការដាំដើមឈើតាមសាលារៀននេះ ត្រូវបានធ្វើឡើងជាច្រើនលើកមកហើយ ដោយក្រុមធរណីវិទ្យាកម្ពុជា ដែលកន្លងមក យុវជនក្រុមនេះ បានដាំនៅ ខេត្តកំពង់ឆ្នាំង 2ដង ខេត្តកំពង់ស្ពឺ 3ដង ខេត្តកំពត 1ដង ខេត្តកណ្ដាល 1ដង និងខេត្តកំពង់ធំ 3ដង។ ក្នុងដំណើរដាំដើមឈើនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យព្រៃគុយ ជាការសហការរវាង ក្លឹបធរណីវិទ្យាកម្ពុជា និងកម្មវិធីប្រកួតប្រជែងរូបវិទ្យា ហើយកូនឈើទាំងអស់ទទួលបានការឧបត្ថម្ភពី គម្រោងដើមឈើមួយលានដើមនៃមូលនិធិ ខេ អឹម អេច៕


Khcct banner

អត្ថបទទាក់ទង