
ភ្នំពេញ៖ ក្រសួងការងារ និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឯកភាពគ្នាចុះកិច្ចព្រមព្រៀង ក្រោមគម្រោង «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ដើម្បីជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជនដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋកម្ពុជាទូទៅ។
យោងតាមការផ្សព្វផ្សាយនៃក្រសួងការងារ បានឱ្យដឹងថា អង្គការ PSE ជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនដែលងាយរងហានិភ័យឱ្យមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។ លោក ហេង សួរ បានកោតសរសើរចំពោះអង្គការ PSE ដែលបានខិតខំប្រឹងប្រែងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរួមចំណែកជួយដល់កុមាររងគ្រោះនាពេលកន្លងមក ហើយរួមចំណែកផ្ដល់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាការផលិតកម្លាំងពលកម្មសម្រាប់ផ្គត់ផ្គង់ដល់វិស័យឯកជនកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ននេះ។
បន្ថែមលើនេះ លោក ហេង សួរ បានគូសបញ្ជាក់ថា «ការចុះកិច្ចព្រមព្រៀងគម្រោងនាពេលនេះ បង្ហាញពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នយើងទាំងពីរ ក្នុងការអនុវត្តគម្រោងដំណាក់កាលទី២ ដែលមានរយៈពេល ៣ឆ្នាំទៅមុខ ដោយផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដល់សិស្ស និស្សិតយ៉ាងច្រើនបន្ថែមទៀតព្រមទាំងបានបង្កើនឱកាសការងារនៅប្រទេសកម្ពុជាយើងផងដែរ»។ កិច្ចសហការនេះ ជាភស្តុតាងដ៏ល្អមួយដែលបញ្ជាក់ពីការប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការបន្តស្ថាបនានូវសមិទ្ធផលរួម ដើម្បីគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងបរិបទអភិវឌ្ឍន៍ធនធានមនុស្ស និងកំណត់ស្តង់ដាបណ្តុះបណ្តាលតាមតម្រូវការទីផ្សារការងារដ៏សកម្មនេះផងដែរ។
ក្នុងនាមអង្គការ PSE លោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា បានថ្លែងថា អង្គការបានទទួលកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួងការងារ ក្នុងការសម្របសម្រួលបើកដំណើរការវិទ្យាស្ថាន PSE កាលពីឆ្នាំ២០១១ ដើម្បីផ្ដល់ឱកាសការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនដែលងាយរងហានិភ័យ ស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ លោកស្រីបញ្ជាក់ថា៖«អង្គការ PSE មានកិត្តិយសខ្លាំងណាស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងការងារ សម្រាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ដើម្បីផ្ដល់ឱកាសក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនកម្ពុជាឱ្យមានជំនាញជាក់លាក់សម្រាប់កសាងអនាគត និងប្រទេសជាតិ»។
គួរបញ្ជាក់ថា កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះរៀបចំឡើង នៅទីស្ដីការក្រសួង ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា (Gauquelin des Pallières Leakhena) នាយិកាគ្រប់គ្រងទូទៅនៃអង្គការ PSE ក្រោមគម្រោង«ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ដើម្បីជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់យុវជនដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋកម្ពុជាទូទៅ៕