
ភ្នំពេញ៖ រង្វាន់ហុងដាសម្រាប់អ្នកវិទ្យាសាស្រ្ត និងវិស្វករវ័យក្មេងនៃកម្ពុជា កំពុងបើកទទួលពាក្យពីនិស្សិតមកពីសាកលវិទ្យាល័យបី ដែលមានចំណង់ចំណូលចិត្តលើផ្នែកវិទ្យាសាស្រ្ត ដើម្បីចូលរួមប្រកួត និងបង្ហាញសមត្ថភាព។ កម្មវិធីនឹងបើកទទួលពាក្យរហូតដល់ថ្ងៃទី ២៥ កក្កដា ២០២៥។
យោងតាមសេចក្តីជូនដំណឹងនៃគេហទំព័រ CJCC បានឱ្យដឹងថា កម្មវិធីប្រកួតនេះ ត្រូវបានរៀបចំឡើងសម្រាប់និស្សិតមកពីសាកលវិទ្យាល័យបី រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កម្មវិធីប្រកួតនេះនឹងប្រព្រឹត្តទោចំនួនពីរដំណាក់កាល គឺដំណាក់កាលទី១ ជ័យលាភីរង្វាន់ Y-E-S ៣០០០ ដុល្លារ មេដាយមាស និងវិញ្ញាបនបត្របញ្ជាក់។ ចំណែកឯដំណាក់កាលទី២ គឺជ័យលាភីរង្វាន់ Y-E-S Plus ដែលមានទឹកប្រាក់ ១០០០០ដុល្លារ បន្ថែមសម្រាប់ជ័យលាភី Y-E-S ដែលទទួលបានឱកាសបន្តការសិក្សា ឬ ហាត់ការងារនៅប្រទេសជប៉ុន។
បើតាមសេចក្តីជូនដំណឹង ឯកសារដែលតម្រូវឱ្យសិស្សមានដើម្បីដាក់ពាក្យរួមមាន ពាក្យសុំចូលរួម ព្រឹត្តិបត្រពិន្ទុចាប់ពីឆ្នាំទី១ដល់បច្ចុប្បន្ន កិច្ចការសាលាដែលបានធ្វើជាបុគ្គល ឬជាក្រុម និងកម្រិតពិន្ទុភាសាអង់គ្លេស(ប្រសិនបើមាន)។ ក្នុងនោះផងដែរ បេក្ខជនត្រូវមានគ្រប់លក្ខខណ្ឌមួយចំនួនដើម្បីអាចចូលរួមដាក់ពាក្យបាន ប្រសិនបើនិស្សិតជាសិស្សមកពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញត្រូវតែជានិស្សិតឆ្នាំទី៣ ឬ ទី៤ ដែលសិក្សាក្នុងមហាវិទ្យាល័យវិទ្យាសាស្រ្ត និងមហាវិទ្យាល័យវិស្វកម្ម។ ចំណែកឯ សិស្សមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺត្រូវតែជាសិស្សដែលសិក្សាឆ្នាំទី៣,ទី៤ ឬទី៥ និងនិស្សិតឆ្នាំទី ៣ ឬទី៤ នៃមហាវិទ្យាល័យវិស្វកម្មប្រព័ន្ធជីវកសិកម្ម មហាវិទ្យាល័យកសិឧស្សាហកម្ម មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម។
គួរបញ្ជាក់ថា កម្មវិធីប្រកួតនេះត្រូវបានរៀបចំដោយ CJCC សហការរៀបចំដោយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យា និង សាកលវិទ្យាល័យភូមិន្ទកសិកម្ម។ និស្សិតដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យhttps://on.cjcc.info/hondaaward ទៅកាន់ការិយាល័យតាមសាកលវិទ្យាល័យរបស់ខ្លួន៕
