ភ្នំពេញ៖ កម្ពុជាសម្រេចបិទព្រំដែនគោកទាំងអស់ជាមួយថៃ ដោយសារយោធាថៃប្រកាសបិទមុនកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា នៅថ្ងៃទី២៤ ខែមិថុនានេះ។
លោក សុខ វាសនា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា យោធាថៃបានបិទច្រកព្រំដែនគោកដោយឯកតោភាគី ដូច្នេះកម្ពុជាក៏ត្រូវតែបិទច្រកព្រំដែនគោកទាំងអស់ជាមួយថៃដែរ។ ហើយនៅតាមបណ្តាខេត្តតាមព្រំដែនរបស់កម្ពុជា អភិបាលខេត្តក៏បានពន្យល់បញ្ហានេះដល់ប្រជាពលរដ្ឋដែរ។
លោក សុខ វាសនា បានបញ្ជាក់ថា ការបិទព្រំដែនគោកទាំងអស់ជាមួយថៃ កម្ពុជាគឺបិទទាំងស្រុងលែងឲ្យមានការឆ្លងកាត់ផ្សេងៗ ប៉ុន្តែលើកលែងតែប្រជាពលរដ្ឋខ្មែរចូលមកប្រទេសកម្ពុជាវិញប៉ុណ្ណោះ៕