ថៃ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានចេញលិខិតមួយផ្ញើទៅកាន់រដ្ឋាភិបាលថៃ ដោយឱ្យថៃចេញមុខបំភ្លឺលើចំណុចសំខាន់ៗចំនួនដប់ ទាក់ទងនឹងចំណាត់ការរបស់ថៃក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្លងដែន និងក្រុមឧក្រិដ្ឋកម្មអនឡាញដែលកំពុងតែរីកស្គុះស្គាញក្នុងតំបន់មួយចំនួនក្នុងប្រទេសថៃ។
យោងតាមកាសែត The Nation កាលពីថ្ងៃច័ន្ទទី២៣មិថុនា បានគូសបញ្ជាក់ថាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានផ្ញើលិខិតមួយយ៉ាងម៉ឺងម៉ាត់ ទៅកាន់រដ្ឋាភិបាលថៃ ដោយជំរុញឱ្យមានការបំភ្លឺលើចំណុចសំខាន់ៗចំនួន ១០ ទាក់ទងនឹងការឆបោក និងក្រុមឧក្រិដ្ឋកម្មអនឡាញដែលកំពុងតែមានវត្តមានក្នុងតំបន់មួយចំនួនក្នុងប្រទេសថៃដោយលិខិតនោះផ្តោតពិសេសទៅលើការចេញបកស្រាយការជួញដូរមនុស្ស (លើស្រ្តីនិងកុមារ) ត្រូវបានផ្ញើទៅទីក្រុងបាងកកជាផ្លូវការកាលទី១០ ខែមីនា ឆ្នាំ២០២៥។
តាមកាសែតថៃដដែលលិខិតនោះបានបង្ហាញពីការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរលើការស៊ើបការណ៍សម្ងាត់ដែលបានទទួលអំពីពលរដ្ឋមកពីជុំវិញពិភពលោក រួមទាំងអាស៊ីបូព៌ា អាស៊ីខាងត្បូង អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអាមេរិកខាងត្បូង ដែលត្រូវគេបោកប្រាស់បង្ខំឲ្យធ្វើការក្នុងមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញនៅក្នុងប្រទេសថៃ។ ជនរងគ្រោះត្រូវបានគេរាយការណ៍ថាត្រូវបានគេអូសទាញដោយការផ្សាយពាណិជ្ជកម្មបោកបញ្ឆោតតាមអ៊ីនធឺណិតដែលសន្យាថានឹងរកប្រាក់ចំណូលបានច្រើន ។ដោយក្នុងនោះមានអំពីការរំលោភបំពានលើរូបរាងកាយ ការបៀតបៀនផ្លូវភេទ និងការបង្ខំឱ្យធ្វើការដោយទទួលបានប្រាក់កម្រៃតិចតួច ឬគ្មាន។ អ្នកដែលខកខានមិនបានបំពេញតាមគោលដៅ ឬប៉ុនប៉ងរត់គេច ប្រឈមមុខនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ។
លិខិតរបស់អង្គការសហប្រជាជាតិបានចង្អុលបង្ហាញពីតួនាទីដ៏សំខាន់របស់ប្រទេសថៃជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់ជនរងគ្រោះដែលកំពុងធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលបោកប្រាស់ទាំងនេះនៅក្នុងប្រទេសជិតខាង ជាពិសេសនៅតំបន់ព្រំដែនជាមួយរដ្ឋ Karen របស់មីយ៉ាន់ម៉ា៕