ភ្នំពេញ៖ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) សហការជាមួយមហាវិទ្យាល័យពាណិជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហុងកុង (Hong Kong University of Science and Technology - Business School) បានចុះអនុស្សរណៈនៃការយោគយល់ដើម្បីបង្កើតកិច្ចសហប្រតិបិត្តការលើកម្មវិធីសិក្សាផ្នែកអាជីវកម្ម និងសហគ្រិនភាព ព្រមទាំងរៀបចំសិក្ខាសាលាស្តីពី “អាជីវកម្មគ្រួសារនៅប្រទេសកម្ពុជា៖ ការកសាងកេរ្តិ៍ដំណែលច្រើនជំនាន់(Cambodian Family Business: Building Legacy across Generations)”ដើម្បីលើកស្ទួយគំនិតនវានុវត្តន៍ និងសហគ្រិនភាពនៅកម្ពុជា ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៥ ពេលព្រឹក ស្ថិតនៅបរិវេណសាកលវិទ្យាល័យខេមតិច។
សិក្ខាសាលានេះផ្តួចផ្តើមឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងលើបញ្ហាប្រឈម និងយុទ្ធសាស្ត្រសម្រាប់ទ្រទ្រង់អាជីវកម្មគ្រួសារឲ្យមាននិរន្តភាពទៅជំនាន់ក្រោយក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច។សិក្ខាសាលានេះ មានការចូលរួមពីអ្នកជំនាញមកពីក្រុមហ៊ុន និងសហគ្រាសធំៗនៅកម្ពុជា និង តំបន់អាស៊ីប៉ាស៊ីហ្វិច ក៏ដូចជានិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវនានាផងដែរ។
ក្នុងការថ្លែងសុន្ទរកថាបើកកម្មវិធី លោកសាស្ត្រាចារ្យបណ្ឌិត ឃៀង សុធីសាកលវិទ្យាលធិការនៃសាកលវិទ្យាល័យខេមតិចមានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់នេះ គឺជាការផ្តល់ឱកាសឲ្យនិស្សិតទទួលបានបទពិសោធន៍សិក្សាក្នុងបរិយាកាសផ្សេងៗ បង្កើនចំណេះដឹង និងអភិវឌ្ឍជំនាញនៅក្រៅប្រទេស ។
នៅក្នុងនោះដែរ លោកសាស្ត្រាចារ្យ Hui Kai Lung ព្រឹទ្ធិបុរសនៃមហាវិទ្យាល័យពាណិជ្ជសាស្រ្តHKUST ក៏បានបញ្ជាក់ផងដែរថាសាកលវិទ្យាល័យទាំងពីរនឹងរួមគ្នាជំរុញកិច្ចសហប្រតិបត្តិលើកម្មវិធីសិក្សាផ្នែកអាជីវកម្ម ការសិក្សាស្រាវជ្រាវ ការផ្លាស់ប្តូរការសិក្សានិស្សិត កម្មវិធីសិក្ខាសាលាលើប្រធានបទសហគ្រិនភាព នវានុវត្តន៍ បរិស្ថានប្រកបដោយចីរភាព និង នាំមកនូវបច្ចេកវិទ្យានិងវិទ្យាសាស្ត្រថ្មីៗ។
សាកលវិទ្យាល័យខេមតិច គឺសាកលវិទ្យាល័យ សហគ្រិន ដែលបណ្តុះបណ្តាលនិស្សិតលើមុខជំនាញដែលគាំទ្រ ដល់ការអភិវឌ្ឍឧស្សាហកម្ម៤.០ និង បរិវត្តកម្មឌីជីថល។ ខេមតិចក៏ជាគ្រឹះស្ថានឧត្តមសិក្សាដែលផ្តោត សំខាន់លើការស្រាវជ្រាវ ការបង្កើតថ្មី និងការអភិវឌ្ឍន៍តិចណូឡូជី ដើម្បីជំរុញអោយមាននវានុវត្តន៍សម្រាប់ដោះស្រាយបញ្ហាប្រឈមរបស់ឧស្សាហកម្ម និងភាពជាដៃគូយ៉ាងជិតស្និតរវាងរាជរដ្ឋាភិបាល ឧស្សាហកម្មនិងស្ថាប័នស្រាវជ្រាវ។ HKUST ជាសាកលវិទ្យាល័យឈានមុខគេ នៅក្នុងតំបន់ និងទូទាំងពិភពលោក ដែលជាក់ស្តែង សាកលវិទ្យាល័យមួយនេះបានជាប់ចំណាត់ថ្នាក់ទី៦៦ នាឆ្នាំ២០២៥ តាមរយៈ Times Higher Education World University Rankings។ HKUST Business School មានគោលដៅក្នុងការបង្ហាត់និស្សិត ដើម្បីសម្រេចបាននូវអាជីពជោគជ័យជាសហគ្រិនលំដាប់ពិភពលោក អ្នកស្រាវជ្រាវ និងអ្នកដឹកនាំនៅក្នុងសហគមន៍។