
ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអសកម្មនៃការធ្វើលំហាត់ប្រាណ និងការលេងកីឡារបស់កុមារ យុវជន និងមនុស្សពេញវ័យ។ នេះបើយោងតាមការលើកឡើងរបស់ លោក ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធាន NOCC ក្នុងឱកាសប្រារព្វខួបលើកទី១៣១នៃទិវាអូឡាំពិក (Olympic Day) ឆ្នាំ២០២៥ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ។
លោក ថោង ខុន បានបញ្ជាក់ថា របាយការណ៍ WHO បង្ហាញថា មនុស្សពេញវ័យ ១ នាក់ក្នុងចំណោម ៤ នាក់ និង ៨០% នៃយុវជន មិនបានហាត់ប្រាណគ្រប់គ្រាន់ទេ។ ដូច្នេះហើយ IOC បានយកឱកាសទិវាអូឡាំពិកនេះ ដើម្បីគាំទ្របេសកកម្ម WHO ក្នុងការបំផុសស្មារតីហាត់ប្រាណ ឬលេងកីឡាយ៉ាងតិច ១ម៉ោង ក្នុង ១ថ្ងៃ សម្រាប់កុមារ និងយុវជន និង៤៥នាទី ក្នុង ១ថ្ងៃ សម្រាប់មនុស្សពេញវ័យ ដើម្បីលើកកម្ពស់សុខុមាលភាព។

បើតាមការផ្សាយដោយក្រសួងព័ត៌មាន ពិធីអបអរសាទរខួបលើកទី១៣១ នៃទិវាអូឡាំពិក ឆ្នាំ២០២៥ នេះរៀបចំឡើងក្រោមមូលបទ «ធ្វើចលនាទាំងអស់គ្នា-Let's Move» ជាមួយយុទ្ធនាការជាតិ «យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររាជរដ្ឋាភិបាលនីតិកាលទី៧។
បន្ថែមពីនេះ លោក ថោង ខុន បានអំពាវនាវឲ្យយុវជន សិស្សានុសិស្ស និងអត្តពលិកទាំងអស់ចូលរួមអនុវត្ត និងផ្សព្វផ្សាយយុទ្ធនាការជាតិខាងលើ ព្រមទាំងបំផុសចលនា «ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត» ដើម្បីទទួលបានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងបញ្ញា ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងត្រៀមជាមូលដ្ឋានអត្តពលិកថ្នាល ឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី និងកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ នៅកម្ពុជា៕