ភ្នំពេញ៖ សម្តេច ហ៊ុន សែន នៅថ្ងៃទី២០មិថុនានេះ បានបង្ហោះសាររម្លឹករឿងរ៉ាវខ្លោចផ្សា និងឈឺចាប់ដែលសម្តេចបានជួបប្រទះ កាលពីថ្ងៃ២០មិថុនា១៩៧៧ សម្តេច ហ៊ុន សែន បានយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ថ្ងៃ២០មិថុនា១៩៧៧ គឺជាថ្ងៃដែលសម្តេច ហ៊ុន សែន បានធ្វើដំណើរចាកចេញពីស្រុកកំណើតទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយជួយរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហម។
តាមរយៈសំណេរក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖«ទោះពេលវេលាបានកន្លងហួសរយៈពេល៤៨ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះ កាលពីថ្ងៃ២០មិថុនា១៩៧៧ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សានិងឈឺចាប់រកពាក្យនិយាយមិនបាន។ យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ប្រសិនខ្ញុំស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?។ យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។ យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះ ឈ្នះ។ យកអំណាចទៅប្តូរជាមួយសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។ចូលចងចាំថាគ្មានជោគជ័យឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ៕»