Smart saver cctime web bannertif

បេក្ខជនបីរូប ជាប់ជ័យលាភីនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ២០២៥

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបភាពពី៖ គេហទំព័រ នាយកដ្ឋានសិល្បៈទស្សនីយភាព 

ភ្នំពេញ៖ មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទំពាំងស្នងឬស្សី» បានបិទបញ្ចប់ជាស្ថាពរ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព។ មហោស្រពចាប៉ីដងវែង ធ្វើឡើងក្នុងគោលបំណងថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន។

លោក ម៉ើ មឿន មកពីខេត្តសៀមរាប ជ័យលាភីលេខ១ 

យោងតាម នាយកដ្ឋានសិល្បៈទស្សនីយភាព បានឱ្យដឹងថា មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៥ បានរកឃើញបេក្ខជនឆ្នើមចំនួន ៣រូប ដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងនោះរួមមាន លោក ម៉ើ មឿន មកពីខេត្តសៀមរាប ជ័យលាភីលេខ១ ទទួលបានពានរង្វាន់ចាប៉ីមាស អមដោយប្រាក់រង្វាន់, លោក វណ្ណា គឹមស៊ាន មកពីខេត្តសៀមរាប ជ័យលាភីលេខ២ ទទួលបានពានរង្វាន់ចាប៉ីប្រាក់ អមដោយប្រាក់រង្វាន់, លោក កែវ ពិសាល មកពីខេត្តកំពង់ឆ្នាំង ជ័យលាភីលេខ៣ ទទួលបានពានរង្វាន់ចាប៉ីសំរិទ្ធ អមដោយប្រាក់រង្វាន់។ ចំណែក ២រូបទៀត គឺលោក ចាប ជី មកពីខេត្តសៀមរាប នឹងលោក ម៉ម ភិរក្ស មកពីខេត្តប៉ៃលិន ទទួលបានចំណាត់ថ្នាក់កិត្តិយស ទទួលបានប្រកាសនីយបត្រ និងប្រាក់រង្វាន់លើកទឹកចិត្ត។

លោក វណ្ណា គឹមស៊ាន មកពីខេត្តសៀមរាប ជ័យលាភីលេខ២

នាយកដ្ឋានសិល្បៈទស្សនីយភាព បានគូសបញ្ជាក់ថា កម្មវិធីប្រកួតនេះ ត្រូវបានប្រព្រឹត្តឡើងចំនួន៣ដំណាក់កាលដែលក្នុងនោះរួមមាន វគ្គដំបូងគឺ វគ្គជម្រុះវីដេអូ ដែលបេក្ខជនត្រូវសម្តែង ឬច្រៀងចាប៉ីដងវែងលើប្រធានបទសេរីដែលមានអត្ថន័យអប់រំ ក្នុងរយៈពេល ១៥ នាទី។ បន្ទាប់មក បេក្ខជនដែលជាប់នឹងត្រូវបន្តចូលរួមក្នុង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលពួកគេត្រូវសម្តែងលើប្រធានបទដែលមានអត្ថន័យទាក់ទងនឹង “ទំពាំងស្នងឫស្សី” ក្នុងរយៈពេល ១៥ នាទីដូចគ្នា។ ចុងក្រោយ សម្រាប់ វគ្គផ្តាច់ព្រ័ត្រ បេក្ខជនត្រូវសម្តែងលើប្រធានបទ “ទំពាំងស្នងឫស្សី” និងប្រធានបទមួយទៀតដែលគណៈកម្មការដាក់ជូនភ្លាមៗនៅពេលប្រឡងផ្ទាល់ ដែលមានរយៈពេល ១៥ នាទីផងដែរ។

លោក កែវ ពិសាល មកពីខេត្តកំពង់ឆ្នាំង ជ័យលាភីលេខ៣

គួរបញ្ជាក់ថា កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង