
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ៣៧២នាក់ ឱ្យចូលបម្រើការងារនៅតាមឃុំ/សង្កាត់ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងបើកទទួលពាក្យតាមអនឡាញរហូតដល់ថ្ងៃទី ១៥ កក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ។
យោងតាម ក្រសួងមុខងារសាធារណៈនាថ្ងៃទី ១៦ មិថុនា ២០២៥ បានចេញសេចក្តីជូនដំណឹងស្តីពី ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឱ្យចូលបម្រើការក្នុងក្របខណ្ឌក្រសួងកសិកម្ម ដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធស្តីពី ការបែងចែងចែកប៉ុស្តិ៍ជ្រើសរើសមន្ត្រីកសិកម្មឃុំ និងលក្ខខណ្ឌដែលបានជូនភ្ជាប់។
ក្រសួងបានគូសបញ្ជាក់ថា បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរនឹងត្រូវធ្វើកម្មសិក្សា និងតាំងស៊ប់ក្នុងក្របខណ្ឌ “ក” ឬ“ខ” ឬ“គ” ផ្អែកលើកម្រិតបណ្តុះបណ្តាលរបស់សាមីខ្លួន។ បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ នឹងត្រូវទទួលបានបៀវត្សទាបបំផុតចាប់ពី ១,៤៩៦,៩៥០៛ ទៅតាមប្រភេទក្របខណ្ឌ និងទទួលប្រាក់ឧបត្ថម្ភ ប្រចាំខែចំនួន ១៦០,០០០៛ ក្នុង១ខែ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត របស់មន្ត្រីរាជការស៊ីវិល។
បើតាមសេចក្តីជូនដំណឹង វិញ្ញាសាប្រឡងប្រជែងរួមមាន វិញ្ញាសាសរសេរ : ជំនាញ/ឯកទេសពាក់ព័ន្ធកសិកម្ម (រយៈពេល ២ម៉ោង ១០០ពិន្ទុ មេគុណ២), វិញ្ញាសាពហុចម្លើយ : ភាសាអង់គ្លេសកម្រិតមូលដ្ឋានពាក់ព័ន្ធកសិកម្ម (រយៈពេល ១ម៉ោង ៥០ពិន្ទុ មេគុណ១) និង វិញ្ញាសាពហុចម្លើយ : ចំណេះដឹងទូទៅ (រយៈពេល ១ម៉ោង ១០០ពិន្ទុ មេគុណ១)។ ចំណេះដឹងទូទៅពាក់ព័ន្ធនឹងពីរចំណុចធំៗគឺ (១)មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយ របស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រកម្ពុជា ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា (៥០ពិន្ទុ) និង (២)ចំណេះដឹងពាក់ព័ន្ធ ជំនាញ/ឯកទេសកសិកម្ម (៥០ពិន្ទុ)។
សាធារណជនដាក់ពាក្យប្រឡងប្រជែងតាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs25agri ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត៕



