ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March) នៅព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដោយធ្វើការជួបជុំ នៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ រួចក្បួនព្យុហយាត្រា ចេញដំណើរឆ្ពោះទៅវិមានឯករាជ្យ ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីបុព្វហេតុបូរណភាព ទឹកដី អធិបតេយ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីចូលរួមចំណែកក្នុងខឿនការពារជាតិប្រជាជនតាមរយៈការបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំការធ្វើដំណើរថ្មើរជើង "Solidarity March" ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ដោយចេញដំណើរពីសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ លើស្មារតី៖ បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗ (កម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនររណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ)។
ជាមូយស្មារតីបង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន។ បង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។ ស្មារតីយើង សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងនាពេលនេះ៕