Smart saver cctime web bannertif

និស្សិត៤០រូប នាំយក«សម្ភារៈសិក្សា និងចំណេះដឹងពីបរិស្ថាន» ជូនសិស្សបឋមសិក្សាវត្តលលៃ ២៤២ នាក់

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សិស្សសាលាបឋមសិក្សាវត្តលលៃចំនួន២៤២នាក់ កាលពីថ្ងៃទី ២៦ ឧសភា ២០២៥ ទទួលបានសម្ភារៈសិក្សាពីគម្រោងដឹកនាំដោយនិស្សិត៤០នាក់ មកពីសាកលវិទ្យាល័យខេមតិច។ ក្រៅពីការផ្តល់សម្ភារៈសិក្សា និស្សិតបានដឹកនាំសិស្សទាំងអស់សិក្សាពីការបែងចែកប្រភេទសំរាម ការដាំដើមឈើ និងលេងល្បែងប្រជាប្រិយខ្មែរ។

និស្សិត៤០រូបមកពីសាកលវិទ្យាល័យខេមតិច កាលពីថ្ងៃទី ២៦ ឧសភា ២០២៥ បានដឹកនាំគម្រោងសប្បុរសធម៌ទៅកាន់សាលាបឋមសិក្សាវត្តលលៃ ដែលស្ថិតនៅខេត្តសៀមរាប។ ក្នុងគម្រោងសប្បុរសធម៌នេះ និស្សិតបានលើកយកការចែករំលែកចំណេះដឹងពីបរិស្ថាន និងការអប់រំទៅកាន់សិស្សានុសិស្សប្រមាណ ២៤២ នាក់ដែលជាសិស្សកំពុងសិក្សានៅថ្នាក់មតេយ្យដល់ថ្នាក់ទី៦ ព្រមទាំងការចែកសម្ភារៈសិក្សាទៅកាន់សិស្សរួមមាន សៀវភៅ ប៊ិច ខ្មៅដៃ និងសម្ភារៈសិក្សាផ្សេងៗ ដើម្បីជួយគាំទ្រការសិក្សារបស់ពួកគេ។

នៅក្នុងកម្មវិធីចែករំលែកចំណេះដឹងពីបរិស្ថាន និស្សិតបានរៀបចំសកម្មភាពបង្រៀនអំពីការបែងចែកសំរាមជា៣ប្រភេទ និងផ្ដល់ចំណេះដឹងដល់សិស្សៗអំពីសារៈសំខាន់នៃបរិស្ថានស្អាត ដើម្បីបណ្តុះគំនិតឱ្យពួកគាត់មានគំនិតចង់ថែរក្សានិងមានទម្លាប់ល្អក្នុងការដាក់ទុកសំរាមពីកុមារភាព។ បន្ថែមពីនេះ និស្សិតថែមទាំងបានសហការជាមួយនឹងសាលាដើម្បីដាំដើមឈើចំនួន២០ដើមនៅជុំវិញបរិវេណសាលារៀន ដើម្បីជាគំរូសម្រាប់សិស្សបឋមសិក្សានៅទីនោះ និងដើម្បីចូលរួមចំណែកបង្កើតបរិយាកាសស្រស់ស្រាយ និងអភិរក្សធនធានធម្មជាតិ។ ជាពិសេស កម្មវិធីក៏មានការលេងល្បែងកម្សាន្តប្រជាប្រិយនានា មានដូចជាស្វាដណ្តើមស្លឹកឈើ និងទំំពាំងឬស្សី ដើម្បីបង្កើនភាពរីករាយនិងភាពស្និទ្ធស្នាលរវាងសិស្សានុសិស្សសាលាវត្តលលៃ និងនិស្សិតសាកលវិទ្យាល័យខេមតិច។

និស្សិត ឱក ធន់ម្នីច័ន្ទមករា 

និស្សិត ឱក ធន់ម្នីច័ន្ទមករា តំណាងឱ្យក្រុមការងាររៀបចំគម្រោងសប្បុរសធម៌ បានរៀបរាប់ថា «អ្វីដែលខ្ញុំចង់ឃើញពីប្អូនៗទាំងអស់គ្នាគឺ ឆន្ទៈ និងក្ដីស្រឡាញ់ ដើម្បីបន្តការសិក្សារបស់ខ្លួនរហូតដល់បញ្ចប់ឧត្ដមសិក្សា ហើយក្លាយជាទំពាំងស្នងឫស្សីដ៏ល្អ។ រីឯចំពោះនិស្សិតវិញ ខ្ញុំចង់ឃើញពួកគេចេះរៀនរស់ជាសហគមន៍ រៀនបើកចិត្តទូលាយ និងក្លាយជាយុវជនដែលមានសក្ដានុពល។»។ 

និស្សិត សារីរ័ត្ន មុនីនាថ

ចំណែកឯ និស្សិត សារីរ័ត្ន មុនីនាថ បានគូសបញ្ជាក់ថា «ក្នុងអំឡុងពេលខ្ញុំបានចូលរួមដំណើរធ្វើការជាស្ម័គ្រចិត្តជាមួយក្រុមការងារ គឺជបទពិសោធន៍មួយដែលមិនអាចបំភ្លេចបាន។ ការមើលឃើញការសប្បាយរីករាយ និងស្នាមញញឹមរបស់កុមារដែលយើងបានជួយ ពិតជាធ្វើឲ្យខ្ញ៉ំនិងក្រុមការងារអស់រាល់ភាពហត់នឿយនិងកាន់តែមានកម្លាំងចិត្តក្នុងការចូលរួលធ្វើការងារសប្បុរធម៌ផ្សេងៗទៀត។»។

គូរបញ្ជាក់ថា គម្រោងសប្បុរសធម៌នេះ ត្រូវបានរៀបចំដោយ សាកលវិទ្យាល័យខេមតិច និង គម្រោងGrit ទៅកាន់សាលាបឋមសិក្សាវត្តលលៃ ដែលជាសាលាមួយមានអាយុកាលជាង ៦៤ឆ្នាំ ដែលបានត្រូវផ្តួចផ្តើមនិងបង្កើតឡើងដោយ ព្រះគ្រូចៅអធិការវត្តលលៃព្រះនាម ញ៉ែម ញ៉ុក និងពុទ្ធបរិស៍ទ្ធចំណុះជើងវត្ត តាំងពីឆ្នាំ ១៩៦១៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង