ភ្នំពេញ៖ កម្មវិធីអាហារូបករណ៍ Hubert Humphrey Fellowship ជាកម្មវិធីការផ្លាស់ប្តូរការសិក្សាសម្រាប់អ្នកមានជំនាញអាជីព មានរយៈពេល ១០ ខែនៅសហរដ្ឋអាមេរិក ចាប់បើកទទួលរហូតដល់ថ្ងៃទី ១៨ ខែកក្កដា។ អាម៉េរិកនឹងរ៉ាប់រងរាល់ការចំណាយរួមមានថ្លៃធ្វើដំណើរ ថ្លៃសិក្សា និងការចំណាយប្រចាំថ្ងៃអំឡុងពេលផ្លាស់ប្តូរការសិក្សា។
យោងតាមសេចក្តីជូនដំណឹងលើគេហទំព័រស្ថានទូតអាម៉េរិក បានឱ្យដឹងថា ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា មានសញ្ញាបត្របរិញ្ញាបត្រ មានបទពិសោធន៍វិជ្ជាជីវៈពេញម៉ោងយ៉ាងតិចប្រាំឆ្នាំ ក្រោយបានរៀនចប់ថ្នាក់បរិញ្ញាបត្រ ដែលរាប់ត្រឹមខែសីហា ឆ្នាំ 2025។ ជាពិសេស បេក្ខជនមានទំនួលខុសត្រូវផ្នែកគ្រប់គ្រង ឬគោលនយោបាយ អាចជាគ្រូបង្រៀននៅសាកលវិទ្យាល័យ និង/ឬគ្រូបង្រៀនភាសាអង់គ្លេស និងមានលិខិតឆ្លងដែនដែលមានសុពលភាព។
ស្ថានទូតបានគូសបញ្ជាក់ថា បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមតំណភ្ជាប់៖ https://kh.usembassy.gov/hubert-h-humphrey-fellowship/។ ប្រសិនបើត្រូវបានជ្រើសរើសផ្លូវការ បេក្ខជននឹងបំពេញការផ្លាស់ប្តូរការសិក្សានេះចាប់ពីខែសីហា ឆ្នាំ២០២៥ ដល់ខែ មិថុនា ២០២៦។
បើតាមគេហទំព័រនៃស្ថានទូតអាម៉េរិកនៅភ្នំពេញ កញ្ញា ស្រីស្រស់ ដែលសិក្សាជំនាញភាពជាអ្នកដឹកនាំ និង ការបង្កើតបណ្តាញរបស់ខ្លួន អំឡុងពេលចូលរួមកម្មវិធីនេះ បានលើកឡើងថា « កម្មវិធីអាហារូបករណ៍ Hubert Humphrey Fellowship ជាបទពិសោធន៍៏ដ៏មានតម្លៃ ដែលបានពង្រីកទស្សនៈវិស័យជាសកល ការស្រាវជ្រាវ និងភាពជាអ្នកដឹកនាំ និងផ្សាភ្ជាប់រូបខ្ញុំជាមួយអ្នកជំនាញអាជីព និង សហគមន៍ ដែលផ្តោតសំខាន់លើការផ្លាស់ប្តូរវិជ្ជមាន»។
គួរបញ្ជាក់ថា Humphrey Fellowship គឺជាកម្មវិធី Fulbright ដែលប្រមូលផ្តុំនូវអ្នកជំនាញវ័យក្មេង និងពាក់កណ្តាលអាជីពដែលមានសក្ដានុពលជាអ្នកដឹកនាំ ដើម្បីចូលរួមកម្មវិធីនៅសហរដ្ឋអាមេរិកសម្រាប់រយៈពេលមួយឆ្នាំ ក្នុងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងការសហការប្រកបដោយវិជ្ជាជីវៈសំខាន់ៗ។ អាហារូបករណ៍ Humphrey ផ្តល់ការរ៉ាប់រងថ្លៃធ្វើដំណើរទាំងទៅនិងមកពីសហរដ្ឋអាមេរិក ថ្លៃសិក្សា និងការចំណាយលើការរស់នៅសម្រាប់ការសិក្សាពេញម៉ោង៕