ភ្នំពេញ៖ សហគ្រិនខ្មែរផ្តួចផ្តើម «កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ វិទ្យាល័យឆ្នាំ២០២៥» ក្នុងគោលបំណងលើកកម្ពស់សហគ្រិនភាពក្នុងចំណោមសិស្សវិទ្យាល័យ ក៏ដូចជាជំរុញនវានុវត្តន៍ភាពដំណោះស្រាយក្នុងសហគមន៍ផងដែរ។ កម្មវិធីប្រកាសជ្រើសរើសសិស្សថ្នាក់ទី៩ ១០ និង១១ មកពីគ្រប់ខេត្តក្រុង ដើម្បីដាក់ពាក្យចូលរួមប្រកួត រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។
យោងតាមសេចក្តីជូនដំណឹងនៃសហគ្រិនខ្មែរ បានឱ្យដឹងថា ដើម្បីអាចចូលរួមប្រកួត បេក្ខជនត្រូវគោរពតាមលក្ខខណ្ឌនៃការចូលរួម គឺត្រូវតែជាសិស្សកំពុងសិក្សាកម្រិតវិទ្យាល័យ ថ្នាក់ទី០៩ ១០ និង ១១ មកពីគ្រប់បណ្តាខេត្ត និងរាជធានីភ្នំពេញ ដែលមានក្រុម មានសមាជិក ៣នាក់, ចាប់អារម្មណ៍ក្នុងការដោះស្រាយបញ្ហា និងផ្តល់ ជាដំណោះស្រាយឱ្យសហគមន៍, មានចំណាប់អារម្មណ៍ក្នុងការរៀនអំពីជំនាញអាជីវកម្ម ការធ្វើការងារជាក្រុម នឹងភាពជាអ្នកដឹកនាំ, ព្រមទាំងអាចចូលរួមប្រកួតនៅទីក្រុងភ្នំពេញដោយផ្ទាល់។
បន្ថែមពីនេះ សហគ្រិនខ្មែរ បានគូសបញ្ជាក់ថា អត្ថប្រយោជន៏នៃការចូលរួមសម្រាប់សិស្សវិទ្យាល័យដែលដាក់ពាក្យប្រកួតមានដូចជា ទទួលបានការបណ្តុះបណ្តាលអំពីសហគ្រិនភាព និងការធ្វើអាជីវកម្ម, ឱកាសក្នុងការរៀនបង្កើត និងធ្វើបទបង្ហាញនៃ គម្រោងអាជីវកម្ម, ឱកាសចូលរួមវគ្គ BootCamp នៅទីក្រុងភ្នំពេញ, ទស្សនៈកិច្ចទៅកាន់ រោងចក្រសហគ្រាស អាជីវកម្ម និងសហគ្រិនខ្មែរដែល ជាថ្នាលជាតិសម្រាប់ការលើកកម្ពស់ គ្រប់សកម្មភាពរបស់វិស័យសហគ្រិនភាព, បង្កើតបណ្តាញទំនាក់ទំនងជួប ជាមួយសហគ្រិនខ្មែរ គណៈកម្មការ គ្រូបង្គោល ម្ចាស់អាជីវកម្ម និង អ្នកចូលរួមមកពីសាលា និងខេត្តផ្សេងៗ។ អ្វីដែលពិសេសជាងនេះទៅទៀត ពានរង្វាន់សហគ្រិនខ្មែរ ម្ចាស់ជ័យលាភីនឹងមានឱកាសឈ្នះទឹកប្រាក់ សរុបប្រមាណ៣០លានរៀល និងបានចូលរួមក្នុងកម្មវិធី ប្រគល់ពានរង្វាន់សហគ្រិនខ្មែរដែល ធ្វើឡើងជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា សិស្សដែលមានចំណាប់អារម្មណ៍ចូលរួមប្រកួត អាចចុះឈ្មោះចូលរួមតាមរយៈ៖ https://forms.gle/RRSxtP7RErSjWm747 ឲ្យបានមុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 093837434/ 0962494704៕