ភ្នំពេញ៖ ក្រោយបានចូលប្រកួតដោយខ្លួនឯងផ្ទាល់ក្នុងកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិជាច្រើន យុវជនមួយក្រុម បានសហការគ្នាក្នុងការរៀបចំគម្រោង «ការប្រឡងកម្មវិធីប្រកួតប្រជែងគណិតវិទ្យា YMO» ដើម្បីបង្កើតវេទិកាដែលសិស្សវិទ្យាល័យទូទាំងប្រទេសពីថ្នាក់ទី១ ដល់ទី១២ អាចបញ្ចេញសមត្ថភាពប្រលងគណិតវិទ្យា។ ថវិកាដែលបានពីការចុះឈ្មោះចូលរួមប្រកួត ត្រូវបានចំណាយក្នុងកម្មវិធីប្រគល់រង្វាន់ដល់ម្ចាស់ជ័យលាភី និងបរិច្ចាគ ទៅកាន់មន្ទីរពេទ្យ និងស្ថាប័នដែលធ្វើការពាក់ព័ន្ធជាមួយកុមារ។
កញ្ញា គា ឆរីតា និង លោក អឹង អេនឌី ដែលជាសហស្ថាបនិកនៃគម្រោងនេះ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រោយពីចូលរួមកម្មវិធីប្រកួតទាំងជាតិ និងអន្តរជាតិ ពួកគេបានយល់ឃើញថា តម្លៃចុះឈ្មោះចូលរួមប្រកួតកម្មវិធីទាំងនោះ គឺជាឧបសគ្គរារាំងសិស្សានុសិស្សក្នុងការបង្ហាញនូវទេពកោសល្យពិតប្រាកដរបស់ខ្លួន។ ដូច្នេះ យុវជនពីររូបនេះ បានសម្រេចចិត្តផ្តួចផ្តើមគំនិតបង្កើតកម្មវិធីប្រកួតប្រជែងមួយដែលមានតម្លៃសមរម្យសម្រាប់សិស្សានុសិស្សគ្រប់រូប កាលពីឆ្នាំ២០២៤ ដែលមានឈ្មោះថា «កម្មវិធីប្រកួតប្រជែងគណិតវិទ្យា YMO»។
យោងតាមយុវជន គា ឆរីតា ដែលជាសហស្ថាបនិកនៃគម្រោងនេះ បានឱ្យដឹងថា «កម្មវិធីប្រកួតប្រជែងគណិតវិទ្យា YMO» មានបេសកកម្មផ្តល់ឱកាសស្មើៗគ្នាដល់សិស្សានុសិស្សគ្រប់រូប ដើម្បីបង្ហាញសមត្ថភាពគណិតវិទ្យា របស់ខ្លួនដោយមានតម្លៃចុះឈ្មោះសមរម្យ និងបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយសាលារៀនផ្សេងៗតាមបណ្តារាជធានីភ្នំពេញនិងខេត្តនានាៗ និងការរៀបចំការប្រឡងប្រកបដោយ យុត្តិធម៌ តម្លាភាព សមភាព និងបរិយាបន្ន។
កាលពីឆ្នាំ២០២៤ កម្មវិធីប្រកួតនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញដោយមានសិស្សចូលរួមចំនួន ១៩០០ នាក់មកពីទូទាំងប្រទេសកម្ពុជា ដែលកំពុងសិក្សានៅចន្លោះកម្រិតថ្នាក់ទី៣ និងទី១២ ចូលរួមប្រកួតវគ្គជម្រុះ។ សិស្សចូលរួមប្រកួត ភាគច្រើនមកពីរាជធានីភ្នំពេញ និងខេត្តតាកែវ។ រីឯវគ្គផ្តាច់ព្រ័ត្រវិញ មានសិស្សចូលរួមប្រកួតចំនួន ១០០០ ដែលវគ្គនេះត្រូវបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ បេក្ខជនសរុប ដែលទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធមានចំនួន 450 នាក់ទៅតាមកម្រិត និងវិញ្ញាសានីមួយៗ។
ជាលទ្ធផល យុវជនក្រុមនេះ បានបញ្ចប់ការរៀបចំគម្រោងនៅឆ្នាំទី១ដោយជោគជ័យ និងបានបរិច្ចាគថវិកាទៅកាន់ សាលារដ្ឋ មន្ទីរពេទ្យ និងអង្គការនានា ដូចជា៖ មន្ទីរពេទ្យកុមារគន្ធបុប្ផាទទួលបាន ១០០០ ដុល្លារ, សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារទទួលបាន ៣៥០ ដុល្លារ, សាលាបឋមសិក្សា បារាយណ៍វិហារ២ ទទួលបាន ៥០០ ដុល្លារ, មន្ទីរពេទ្យកុមារអង្គរទទួលបាន ៥០០ ដុល្លារ, Village Homeschool ទទួលបាន ៥០០ ដុល្លារ, សាលាបឋមសិក្សា តាំងហោងទទួលបាន ៥០០ ដុល្លារ, សាលាបឋមសិក្សា អូរពពូលទទួលបាន ៥០០ ដុល្លារ, សាលាបឋមសិក្សា វត្តហារទទួលបាន ៥០០ ដុល្លារ, និងសាលាបឋមសិក្សា ប្រមូលព្រហ្មទទួលបាន ៥០០ ដុល្លារ។
នាឆ្នាំ២០២៥នេះ យុវជនក្រុមនេះ បានរៀបចំការប្រកួតនេះជាលើកទី២ ដែលមានពីរវគ្គ គឺវគ្គជម្រុះដែលនឹងធ្វើឡើងតាមប្រព័ន្ធអនឡាញនៅថ្ងៃទី ១៥ មិថុនា ២០២៥ រយៈពេល៩០នាទី ដែលសិស្សនឹងធ្វើក្នុងទម្រង់បែបជ្រើសរើស QCM ចំនួន៣០សំណួរ។ ក្រោយវគ្គជម្រុះ 80% នៃបេក្ខជនដែលទទួលបានពិន្ទុខ្ពស់បំផុតនឹងមានសិទ្ធបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលនឹងមានបន្ថែមវិញ្ញាសារួមមាន សំណួរជ្រើសរើស (QCM) ចំនួន ៣០ សំណួរ និងសំណួរបើកចំនួន ១០ សំណួរ។ ដើម្បីអាចប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ បេក្ខជននឹងត្រូវចុះឈ្មោះដែលមានតម្លៃ ១៥ដុល្លារ ក្នុងម្នាក់ ដែលនឹងប្រកួតនៅក្នុងខែកក្កដា ឆ្នាំ២០២៥។
ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនេះ បេក្ខជនអាចទទួលបានពាន មេដាយ និងរង្វាន់ផ្សេងៗ រង្វាន់លើកទឹកចិត្តបន្ថែមសម្រាប់ម្ចាស់ជ័យលាភីដែលទទួលបានពិន្ទុសរុបខ្ពស់បំផុតចំនួន ៥ រូបក្នុង ចំណោម ២ កម្រិតថ្នាក់នឹងទទួលបានរង្វាន់ពិសេសរួមមាន៖ ចំណាត់ថ្នាក់លេខ ១: រង្វាន់ Laptop, ចំណាត់ថ្នាក់លេខ ២: រង្វាន់ Airpods 4, ចំណាត់ថ្នាក់លេខ ៣: រង្វាន់ Tablet, ចំណាត់ថ្នាក់លេខ ៤: រង្វាន់ Smartwatch , និង ចំណាត់ថ្នាក់លេខ ៥: រង្វាន់ Headphones។ ក្រៅពីនេះ កម្មវិធីប្រកួតថែមទាំងមានការប្រគល់មេដាយទៅតាមកម្រិតពិន្ទុដែលសិស្សបានប្រកួតទៀតផងសម្រាប់បេក្ខជនដែលមិនបានជ័យលាភីក្នុងចំណោម៥ខាងលើ។
គួរបញ្ជាក់ថា សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍លើការប្រកួតអាចចូលទៅកាន់គេហទំព័រផ្លូវការដែលមានឈ្មោះ Youth Mathematics Olympiad ដើម្បីទទួលបានព័ត៌មានបន្ថែមពីការប្រលង។ កម្មវិធីប្រកួតនេះត្រូវបានរៀបចំឡើងដោយសមាជិកស្នូលចំនួន៤រូប និងអ្នកណែនាំមួយរូប ព្រមទាំងយុវជនស្ម័គ្រចិត្តសរុប១៧រូបក្នុងការអនុវត្តគម្រោងនេះ៕