
ភ្នំពេញ៖ សិស្សកម្រិតអនុវិទ្យាល័យ៣០រូប បានទទួលការបណ្តុះបណ្តាលពីការសរសេរកូដ និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ក្នុងកម្មវិធីប្រកួត Kid-KATHON 2025 ដើម្បីអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាសម្រាប់បញ្ហាសង្គម។ ក្រោយធ្វើបទបង្ហាញ និងទទួលបានការវាយតម្លៃពីគណៈកម្មការ ក្រុម AI Driven ទទួលបានជ័យលាភីលេខ១ ក្នុងចំណោម៦ក្រុម។

កម្មវិធី Kid-KATHON 2025 ដែលជាកម្មវិធីបណ្ដុះបណ្ដាល និងប្រកួតប្រជែងរយៈពេលពីរថ្ងៃ ដែលប្រមូលផ្ដុំសិស្សានុសិស្សថ្នាក់ទី៧ ដល់ទី៩ មកពីសាលារដ្ឋ និងឯកជនក្នុងរាជធានីភ្នំពេញ ដើម្បីអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាសម្រាប់បញ្ហាសង្គម ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

យោងតាមក្រុមការងារនៃគម្រោង Kid-KATHON 2025 បានឱ្យដឹងថា មុននឹងឈានមកដល់ដំណាក់កាលប្រកួតចុងក្រោយនេះ សិស្សទាំង៣០នាក់បានឆ្លងកាត់ដំណាក់កាលដាក់ពាក្យអនឡាញ និងប្រជែងនៅវគ្គសម្ភាសជាមួយនឹងសិស្សសរុបប្រមាណ ៦០នាក់។ ជាលទ្ធផល សិស្សទាំង៣០រូបនេះ បានទទួលការបណ្តុះបណ្តាលពីការសរសេរកូដ ដែលភាគច្រើនពួកគេមិនធ្លាប់បានរៀនពីមុនមក។ ក្រោយជាប់ជាបេក្ខជន សិស្សទាំង៣០នាក់ ត្រូវបានបែងចែកជា៦ក្រុមដើម្បីសហការគ្នាក្នុងការរៀនសូត្រ អនុវត្ត និងធ្វើកិច្ចការជាក្រុម។

បើតាមប្រភពដដែល ក្រោយសិស្សានុសិស្សទាំង៣០រូប បានសិក្សា និងបែងចែកជាក្រុម ក្រុមទាំង៦មានដូចជា ក្រុម The Brave:បង្កើតឧបករណ៍ស្រង់សម្រាមក្នុងប្រភពទឹក, ក្រុម AI Driven: បង្កើតឧបករណ៍វាស់កម្ពស់ទឹកជំនន់ក្នុងទីក្រុង ដើម្បីផ្តល់សញ្ញា និងជួយសម្រួលចរាចរណ៍ , ក្រុម Micro:Earth: បង្កើតម៉ាស៊ីនបិទហ្គាសដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកប្រើប្រាស់ភ្លេចបិទ, ក្រុម Baby Shark: បង្កើតម៉ាស៊ីនរំលឹកការលេបថ្នាំ, ក្រុម Golden Nuggets: បង្កើតឧបករណ៍ Tell-Tale-Tweet ជួយស្រោចទឹកដំណាំដោយស្វ័យប្រវត្តិពេលដីស្ងួត, ក្រុម El Clásico: បង្កើតឧបករណ៍ជួយបិទភ្លើងដោយស្វ័យប្រវត្តិ ពេលគ្មានមនុស្សនៅផ្ទះ។

នៅក្នុងវគ្គបណ្តុះបណ្តាល សិស្សានុសិស្សបានរៀនពីមូលដ្ឋានគ្រឹះនៃការសរសេរកូដដោយប្រើប្រាស់ Micro:bit និងវិធីសាស្ត្រអភិវឌ្ឍគម្រោង ក្នុងរយៈពេល១ថ្ងៃកន្លះ ដើម្បីអាចបញ្ចេញសមត្ថភាពជាក្រុមទៅកាន់គណៈកម្មការ តាមរយៈការបកស្រាយនៅគម្រោងគំរូដែលពួកគេបានសម្រេចពីកិច្ចការងារជាក្រុម និងការអនុវត្តពីអ្វីដែលបានរៀនភ្លាមៗ។

ដើម្បីវាយតម្លៃលទ្ធផលនៃការប្រកួតនេះ កម្មវិធីមានសមាសភាពគណៈកម្មការចំនួនបីរូបដែលជាអ្នកជំនាញ រួមមាន កញ្ញា បញ្ញា សុភិមាន ជាអ្នកគ្រប់គ្រងផ្នែកផែនការពាណិជ្ជកម្មនៃក្រុមហ៊ុន Smart Axiata , លោក សើ ពន្លក - មន្ត្រីជាន់ខ្ពស់ផ្នែកកម្មវិធីសិក្សា និងបណ្តុះបណ្តាល នៃ Tech for Kids Academy និង លោក ហម ឆលាង - គ្រូបណ្តុះបណ្តាលសហគ្រិនភាព និងនវានុវត្តន៍។

ក្រោយធ្វើបទបង្ហាញចំពោះសាធារណៈជនប្រមាណ ១០០នាក់ និងទទួលបានការវាយតម្លៃពីគណៈកម្មការ ជាលទ្ធផល ក្រុម AI Driven ទទួលបានជ័យលាភី Kid-KATHON Champion ឆ្នាំ ២០២៥ ក្រោមគម្រោង «ឧបករណ៍វាស់កម្ពស់ទឹកជំនន់ក្នុងទីក្រុង សម្រាប់ផ្តល់សញ្ញា និងជួយសម្រួលចរាចរណ៍» ដែលឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១១ បានបង្ហាញពីការគិតគូរប្រកបដោយនវានុវត្តន៍ និងសក្ដានុពលជាក់ស្ដែងសម្រាប់ការអនុវត្ត។ បន្ថែមពីនេះ ក្រុមជ័យលាភីនេះ រៀបរាប់ថា “ពួកយើងពិតជាសប្បាយចិត្តដែលបានជាប់ជាម្ចាស់ជ័យលាភីនៅក្នុងកម្មវិធីនេះ ព្រោះកម្មវិធី Kid-KATHON អនុញ្ញាតឱ្យយើងបានរៀនពី SDGs ដែលលើកឡើងពីបញ្ហាសង្គមផង និង ទទួលបានការសិក្សាពីការសរសេរកូដ”។

ក្នុងនោះផងដែរអាណាព្យាបាលមួយរូប បានលើកឡើងថា “ឱពុកម្តាយគួរតែជម្រុញឱ្យពួកគាត់ចូលរួមបើសិនគាត់មាន ចំណាប់អារម្មណ៍ទៅលើផ្នែកបច្ចេកវិទ្យានឹង ដូចកម្មវិធី Kid-KATHON នេះខ្ញុំសរសើររការផ្តួចផ្តើមពីព្រោះពួកគាត់ៗនៅតូចៗណាស់តែអាចធ្វើគម្រាងបែបនេះបាន”។ ចំណែកឯ កញ្ញា បញ្ញា សុភិមាន, គណៈកម្មការ បានបន្តថា “នៅថ្ងៃអនាគតសង្គមនឹងត្រូវការមនុស្សដែលដែលអាចប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗដើម្បីដោះស្រាយបញ្ហា”។

គួរបញ្ជាក់ថា កម្មវិធី Kid Kathon ត្រូវបានផ្តួចផ្តើមរៀបចំដោយ Tech for Kids Academy គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឧបត្ថម្ភដោយមូលនិធិស.អ និងភាគីពាក់ព័ន្ធនៃគម្រោងដែលជាក្រុមហ៊ុនឯកជន៕


