Smart saver cctime web bannertif

ក្រសួងអប់រំ ប្រកាសជ្រើសរើសកុមារីចូលរួម«កម្មវិធីប្រកួតប្រជែងបង្កើតហ្គេមលំដាប់អន្តរជាតិ»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ បានសហការជាមួយអង្គការយូនីសេហ្វ (UNICEF) ដើម្បីជ្រើសរើសកុមារី និងយុវនារីកម្ពុជា ក្នុងការចូលរួមកម្មវិធីប្រកួតប្រជែងបង្កើតហ្គេមអនឡាញលំដាប់អន្តរជាតិ "Virtual Global Game Jam" ឆ្នាំ២០២៥។ កម្មវិធីនេះមានគោលបំណងកាត់បន្ថយគម្លាតសមត្ថភាពឌីជីថលរបស់កុមារី និងយុវនារី តាមរយៈការលើកកម្ពស់ភាពច្នៃប្រឌិត ភាពប៉ិនប្រសប់ និងស្វ័យភាពក្នុងការអភិវឌ្ឍហ្គេម ដើម្បីដោះស្រាយបញ្ហាសហគមន៍។

យោងតាមសេចក្តីជូនដំណឹងនៃក្រសួងអប់រំ នាថ្ងៃទី ៦ មិថុនា ២០២៥ បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងអន្តរជាតិនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ តាមប្រព័ន្ធអនឡាញ។ ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការអប់រំឌីជីថល អង្គការ UNICEF នឹងផ្ដល់មេរៀនទាក់ទងនឹងការបង្កើតហ្គេមនៅលើគេហទំព័រ Agora ចាប់ពីថ្ងៃទី១១ ដល់២២ ខែសីហា ឆ្នាំ២០២៥។ ជំនាញសំខាន់ៗដែលនឹងត្រូវបង្រៀនរួមមាន ការសរសេរកូដ ការរចនាហ្គេម ការសរសេរសាច់រឿង និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ បន្ថែមពីនេះ វគ្គបណ្ដុះបណ្ដាលរយៈពេល ៥ថ្ងៃនឹងត្រូវធ្វើឡើងចំនួនពីរលើក ដោយលើកទី១ ចាប់ពីថ្ងៃទី២៥ ដល់២៩ ខែសីហា ឆ្នាំ២០២៥ និងលើកទី២ ចាប់ពីថ្ងៃទី០១ ដល់០៥ ខែកញ្ញា ឆ្នាំ២០២៥។ បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាល ក្រុមកុមារីទាំងអស់ត្រូវបញ្ជូនស្នាដៃរបស់ក្រុមរៀងៗខ្លួន ដើម្បីប្រកួតប្រជែងនៅកម្រិតសកលនាថ្ងៃទី០៨ ដល់១០ ខែកញ្ញា ឆ្នាំ២០២៥។

បើតាមសេចក្តីជូនដំណឹង កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីគាំទ្រការអប់រំឌីជីថលសម្រាប់កម្ពុជា និងពង្រីកវិសាលភាពនៃការចូលរួមរបស់កុមារីក្នុងការសិក្សាជំនាញកុំព្យូទ័រ។ លើសពីនេះ គោលបំណងសំខាន់មួយទៀតគឺជំរុញ និងលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍហ្គេម និងអ្នកច្នៃប្រឌិត បង្កើតដំណោះស្រាយថ្មីៗដោយប្រើប្រាស់ហ្គេមក្នុងការផ្សព្វផ្សាយ និងចូលរួមដោះស្រាយបញ្ហានានានៅក្នុងសហគមន៍ ព្រមទាំងបង្ហាញលទ្ធផល និងសមិទ្ធផលរបស់កុមារីកម្ពុជាទៅកាន់ឆាកអន្តរជាតិ។

ក្រសួងអប់រំ បានគូសបញ្ជាក់ថា កុមារីដែលមានចំណាប់អារម្មណ៍ចង់ចូលរួមត្រូវតែជាក្មេងស្រីដែលមានអាយុចាប់ពី ១៣ ដល់ ១៩ ឆ្នាំ ហើយត្រូវបង្កើតជាក្រុមដែលមានសមាជិកចាប់ពី ០៣ ទៅ ០៥ នាក់។ ពួកគេត្រូវតែជាសិស្សដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជន មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងការសិក្សាស្រាវជ្រាវ ហើយត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលទាំងពីរលើក។ ជាពិសេស ពួកគេក៏ត្រូវមានការគាំទ្រពីគណៈគ្រប់គ្រងសាលារៀន និងអាណាព្យាបាលឱ្យចូលរួមកម្មវិធីប្រកួតប្រជែងនេះផងដែរ។

កុមារី និងយុវនារីដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យស្នើសុំតាមរយៈតំណភ្ជាប់៖ https://bit.ly/VirtualGCC2025 ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

បេក្ខនារីចូលរួមប្រកួតនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការអភិវឌ្ឍជំនាញបច្ចេកវិទ្យា ភាពច្នៃប្រឌិត ការរចនា និងសហគ្រិនភាព។ កម្មវិធីនេះនឹងផ្ដល់ជំនាញដល់កុមារីកម្ពុជាដើម្បីត្រៀមខ្លួនក្នុងការដោះស្រាយបញ្ហាជុំវិញការអភិវឌ្ឍសហគមន៍ដោយប្រើប្រាស់បច្ចេកវិទ្យា ព្រមទាំងបង្ហាញពីសក្ដានុពលនៃភាពជោគជ័យរបស់ស្ត្រីវ័យក្មេងលើផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាព។ លើសពីនេះ ពួកគេនឹងរៀនធ្វើការងារជាក្រុម និងអភិវឌ្ឍបំណិនសតវត្សទី២១ ហើយនឹងមានឱកាសទទួលបានពានរង្វាន់ជ័យលាភីថ្នាក់អន្តរជាតិ ព្រមទាំងលិខិតសរសើរពីក្រសួងអប់រំ យុវជន និងកីឡា។

គួរបញ្ជាក់ថា កម្មវិធីនេះបានចាប់ផ្ដើមអនុវត្តនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០២៣ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការយូនីសេហ្វ។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោម ០៨ប្រទេស ដែលអនុវត្តកម្មវិធីនេះ រួមមាន ប្រទេសអាមេនី ប្រេស៊ីល ឥណ្ឌា កាហ្សាក់ស្ថាន ម៉ារ៉ុក ម៉ាឡេស៊ី និងអាហ្វ្រិកខាងត្បូង ដែលមានអ្នកចូលរួមជាង ១៥៤ ០០០នាក់ នៅជុំវិញពិភពលោក៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង