
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាឯកឧត្តម កុយ គួង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្នឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញក្រុមគ្រូពេទ្យជំនាញដើម្បីធ្វើតេស្តដល់មន្ត្រីទាំងអស់ដែលធ្វើការពាក់ព័ន្ធជាមួយឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី។
ការប្រមូលនេះ គឺបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ MTI បានរាយការណ៍នៅថ្ងៃពុធ ទី ៤ វិច្ឋិកានេះ ឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ នៅពេលលោករដ្ឋមន្រ្តីកំពុងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ប៉ុន្តែលោកមិនមានរោគសញ្ញាអ្វីនោះទេ។
ឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានអញ្ជើញសម្ពោធការិយាល័យនៃស្ថានទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា និង បានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាជាច្រើនដូចជា៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ , លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក សួស យ៉ារ៉ា សមាជិកសភាកម្ពុជា។

