គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ តាមបណ្តារាជធានី-ខេត្ត ទទួលបានលទ្ធផល វាស់វែងបានចំនួន ១៣ ៣៣៧ ៥០៧ ក្បាលដី លើក្បាលដីប៉ាន់ស្មានសរុបនៅទូទាំងប្រទេស ចំនួន ១៣ ៦៥១ ៩៦៣ ក្បាលដី។ ខេត្តចំនួន ១៣ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងនោះ ៧ខេត្តប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាផ្លូវការ, ក្បាលដីមិនទាន់បានវាស់វែងសរុបចំនួន ៣១៤ ៤៥៦ ក្បាលដី។
ក្នុងគោលដៅសម្រេចឱ្យបាននូវគោលនយោបាយអាទិភាព ក្នុងការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាស ស្រុះស្រួលគ្នា ដែលជាផ្នែកមួយនៃយុទ្ឋសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួង ដ. ន. ស. បានជំរុញការងារវាស់វែងចុះបញ្ជីដីរដ្ឋនិងដីឯកជន និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តាមរយៈការចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅទូទាំងប្រទេស។
ក្នុងន័យនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពាវនាវដល់ប្រជាពលរដ្ឋដែលមានដីធ្លី បានចុះបញ្ជីរួចរាល់ ហើយពុំទាន់បានទទួលបណ្ណកម្មសិទ្ធិ សូមមេត្តាទំនាក់ទំនងក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ក្នុងការទទួលយកបណ្ណកម្មសិទ្ធិដែលបានចេញរួចរាល់។
ក្រសួង ដ. ន. ស. បានបញ្ជាក់ថា មកទល់ពេលនេះ មានខេត្ត ចំនួន ១៣ ដែលបានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមាន ខេត្តកំពង់ចាម ស្វាយរៀង សៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង ឧត្តរមានជ័យ មណ្ឌលគិរី កែប ព្រះសីហនុ តាកែវ កណ្តាល ព្រះវិហារ និងខេត្តព្រៃវែង ក្នុងនោះ ខេត្តចំនួន ០៧ គឺ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និង ខេត្តឧត្តរមានជ័យ ត្រូវបានរៀបចំពិធីប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាផ្លូវការរួចរាល់។ ដោយឡែក រាជធានី-ខេត្តចំនួន ១២ ទៀត ក៏នឹងបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាបន្តបន្ទាប់ នាពេលខាងមុខឆាប់ៗនេះ ហើយការចុះបញ្ជីនិងការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ បាននិងកំពុងដំណើរការជាបន្តបន្ទាប់ ស្របតាមនីតិវិធី។
ទន្ទឹមនឹងនេះ ចំពោះម្ចាស់ក្បាលដីដែលពុំបានចូលរួមក្នុងការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាពេល កន្លងមក អាចស្នើសុំធ្វើការវាស់វែង និងចុះបញ្ជីបំពេញបន្ថែមជាក្រោយបាន។ ម្យ៉ាងទៀត ចំពោះក្បាលដីដែល កំពុងមានវិវាទ អាចស្នើសុំធ្វើការវាស់វែង និងចុះបញ្ជីបាននៅពេលករណីវិវាទនោះត្រូវបានដោះស្រាយចប់សព្វគ្រប់ ជាស្ថាពរតាមនីតិវិធី។