
ភ្នំពេញ៖ «ការប្រកួតភ្លេងកាយរឹទ្ធិជាតិលើកទី២» នាថ្ងៃទី៤ មិថុនា ២០២៥ បានរកឃើញក្រុមជ័យលាភីចំនួនបីក្នុងចំណោម៨ក្រុមសរុបដែលបានចូលរួមប្រកួតក្នុងឆ្នាំនេះ។ ក្រុមកាយរឹទ្ធិមកពីខេត្តឧត្តរមានជ័យ បានជ័យលាភីលេខ១ , ក្រុមកាយរឹទ្ធិមកពីខេត្តកោះកុង បានជ័យលាភីលេខ២ , ក្រុមកាយរឹទ្ធិមកពីខេត្តកណ្តាល បានជ័យលាភីលេខ៣។ ការប្រកួតនេះ ត្រូវបានប្រព្រឹត្តឡើងក្រោមប្រធានបទ «ភ្លេងកាយរឹទ្ធិ ដើម្បីមហាបវរវិបុលភាព» ធ្វើឡើងនៅ វិមានកីឡដ្ឋានជាតិអូឡាំពិក។

យោងតាមការផ្សាយបន្តផ្ទាល់លើគេហទំព័រនៃក្រសួងអប់រំ នាថ្ងៃទី ៤ មិថុនា ២០២៥ កម្មវិធីប្រកួត«ក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី២» នៅវគ្គផ្តាច់ព្រ័ត្រ ធ្វើឡើងនៅវិមានកីឡដ្ឋានជាតិអូឡាំពិក ក្នុងគោលបំណងរក្សា និងអភិវឌ្ឍភ្លេងកាយរឹទ្ធិឱ្យមាននិរន្តភាព។ នៅឆ្នាំ២០២៥នេះ មានក្រុមចំនួន៨បានចូលរួមប្រកួត មកពី ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កោះកុង ខេត្តកណ្តាល ឧត្តរមានជ័យ រតនគិរី និង ភ្នំពេញ។ យ៉ាងណាមិញ មានតែ៥ក្រុមតែប៉ុណ្ណោះដែលបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ គឺក្រុមភ្លេងកាយរឹទ្ធិខេត្តរតនគិរី, ខេត្តកោះកុង, ខេត្តកណ្តាល, រាជធានីភ្នំពេញ និងក្រុមភ្លេងកាយរឹទ្ធិខេត្តឧត្តរមានជ័យ។

លោក ហង់ ជួនណារ៉ុន បានគូសបញ្ជាក់ថា ទម្រាំឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ យុវជនកាយរឹទ្ធិមកពីបណ្តាខេត្ត បានឆ្លងកាត់វគ្គហ្វឹកហាត់ និងការសិក្សាស្រាវជ្រាវជាច្រើនដើម្បីជ្រើសរើសវិធីសាស្រ្តក្នុងការបង្ហាញសមត្ថភាព។ ជាលទ្ធផល ក្រោមការវាយតម្លៃក្នុងចំណោមក្រុមទាំង៨ ក្រុមបីដែលបានជ័យលាភីរួមមានក្រុមកាយរឹទ្ធិមកពីខេត្តឧត្តរមានជ័យ បានជ័យលាភីលេខ១ , ក្រុមកាយរឹទ្ធិមកពីខេត្តកោះកុង បានជ័យលាភីលេខ២ , ក្រុមកាយរឹទ្ធិមកពីខេត្តកណ្តាល បានជ័យលាភីលេខ៣។

បើតាមលោក ឯម ពិសិដ្ឋ ជាប្រធាននាយកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិ កាយរឹទ្ធិជាតិកម្ពុជាត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធដោយអង្គការពិភពលោកនៅឆ្នាំ២០០៨។ បច្ចុប្បន្ន សមាជិកសរុបនៃកាយរឹទ្ធិកម្ពុជារួមមាន ១៨៥៣៥៦នាក់ ដែលក្នុងនោះមានស្រី ៩០០៣៨នាក់។

គួរបញ្ជាក់ថា កម្មវិធីប្រកួត«ក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី១» បានប្រព្រឹត្តទៅកាលពីថ្ងៃទី ៣ ឧសភា ឆ្នាំ២០២៤ ដោយជោគជ័យក្រោមប្រធានបទស្តីពី «ភ្លេងក្នុងសន្តិភាព»៕


