Smart saver cctime web bannertif

បេក្ខជន៤ក្រុម ជាប់បន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធី«ជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ បេក្ខជន៤ក្រុម កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ជាប់បន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធី«ជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥» ។ យុវជន៤ក្រុមនេះ បានឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងការវាយតម្លៃយ៉ាងម៉ត់ចត់និងសុក្រឹតភាព ក្នុងវគ្គជម្រុះជុំទី៣ ដោយជម្រុះពី៨ក្រុម មកត្រឹម៤ក្រុម។

យោងតាមសេចក្តីប្រកាសនៃក្រសួងអប់រំ បេក្ខជនទាំង៤ក្រុមដែលបានឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាសិស្សដែលមកពី វិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន សំពៅលូន ខេត្តបាត់ដំបង, វិទ្យាល័យ ពោធិ៍សាត់ ខេត្តពោធិ៍សាត់, សមាគមកាយឫទ្ធិនារីកម្ពុជា និងវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប។

ក្រសួងអប់រំ បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ កើតចេញពីកិច្ចខិតខំសិក្សាស្រាវជ្រាវយ៉ាងស្វិតស្វាញ លះបង់ទាំងកំលាំងកាយនិងកំលាំងចិត្តរបស់បេក្ខជនទាំង៤ក្រុម ដើម្បីចូលរួមការចូលរួមប្រកួតក្នុងវគ្គជម្រុះវគ្គទី៣នេះ ដែលជម្រុះពី ៨ក្រុម មកសល់ត្រឹម៤ក្រុមនេះតែប៉ុណ្ណោះ។ បេក្ខជនទាំង៤ក្រុម នឹងបន្តប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកជើងខ្លាំងដែលនឹងឈានទៅរកវគ្គផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ថា កម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិនេះ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ ក្នុងគោលបំណងបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជា លើបំណិនសតវត្សរ៍ទី២១ ពោលគឺពង្រឹងបំណិនស្រាវជ្រាវ បំណិនត្រឹះរឹះពិចារណា នវានុវត្តន៍ ការនិយាយជាសាធារណៈ មូលដ្ឋានចំណេះដឹង ឌីជីថល ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមាន ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អដែលមានទំនួលខុសត្រូវក្នុងសង្គមជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង