
កំពង់ចាម៖ វិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម នាថ្ងៃទី២៨ ខែឧសភា ២០២៥ ទទួលបានស្លាក LabelFrancEducation ពីក្រសួងអឺរ៉ុប និងការបរទេសបារាំង ចំពោះការអនុវត្តកម្មវិធីថ្នាក់ពីរភាសា បារាំង-ខ្មែរ។ វិទ្យាល័យព្រះសីហនុ ជាវិទ្យាល័យរដ្ឋទី២ នៅកម្ពុជា ដែលទទួលបានស្លាកនេះ បន្ទាប់ពីវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង។

បើតាមគេហទំព័រស្ថានទូតបារាំង Ambassade de France au Cambodge បានឱ្យដឹងថា ស្លាក LabelFrancEducation ត្រូវបានផ្តល់ជូនដោយក្រសួងអឺរ៉ុប និងការបរទេសបារាំង ដល់គ្រឹះស្ថានថ្នាក់ពីរភាសាដែលលេចធ្លោ ដែលបានដាក់បញ្ចូលភាសាបារាំងចូលទៅក្នុងការសិក្សាមុខវិជ្ជានៅសាលារៀន។ ការផ្តល់ស្លាក « LabelFrancEducation » ឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាល័យ និងលោកគ្រូអ្នកគ្រូក្នុងការលើកកម្ពស់ភាសាបារាំង ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស។

វិទ្យាល័យព្រះសីហនុកំពង់ចាមគឺជាគ្រឹះស្ថានទី៤ និងជាវិទ្យាល័យរដ្ឋទី២ នៅកម្ពុជាដែលទទួលបានស្លាកនេះ។ ក្រោយទទួលបានស្លាកនេះ វិទ្យាល័យព្រះសីហនុ នឹងចូលរួមចំណែកក្នុងសហគមន៍សិស្សប្រមាណ ២០០ ០០០នាក់ សិក្សានៅតាមគ្រឹះស្ថានចំនួន៧១៦ដែលមានថ្នាក់ពីរភាសា ក្នុង៦៧ប្រទេស។ កម្មវិធីបើកនេះ មានការចូលរួមពី លោកឯកអគ្គរដ្ឋទូតបារាំង ហ្សាក់ ប៉ឺឡេ ជាមួយលោក សាម៉ឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ ព្រមទាំងសិស្សានុសិស្សប្រមាណ ៣០០០នាក់នៅវិទ្យាល័យព្រះសីហនុ៕

គួររំលឹកថា វិទ្យាល័យព្រះមុនីវង្សគឺជាវិទ្យាល័យរដ្ឋកម្ពុជាដំបូងគេដែលទទួលបានស្លាកដ៏ឧត្តុង្គឧត្តមនេះ ផ្តល់ជូនដោយក្រសួងអឺរ៉ុប និងការបរទេសបារាំងដល់គ្រឹះស្ថានសិក្សាពីរភាសាដ៏លេចធ្លោនៅក្រៅប្រទេសបារាំង កាលពីឆ្នាំ២០២៤៕
