.jpg?1748573499)
ភ្នំពេញ៖ និស្សិតពីរក្រុម កាលពីថ្ងៃទី ២៥ ឧសភា ២០២៥ បានឆ្លងកាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតជជែកដេញដោលទស្សនៈយុវជនរដូវកាលទី៥ ស្តីពី «ស្រ្តី និងសាកលភាវូបនីយកម្ម» ក្រោយប្រកួតជាមួយនឹងបេក្ខជនពីរក្រុមផ្សេងទៀត។ និស្សិតជ័យលាភីពីរក្រុមនេះ នឹងឈានទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៅខែក្រោយ ដើម្បីស្វែងរកជ័យលាភីលេខ១ និងជ័យលាភីលេខ២។
និស្សិត៤ក្រុម កាលពីថ្ងៃទី ២៥ ឧសភា ២០២៥ បានប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមប្រធានបទពីរផ្សេងគ្នាគឺ ប្រធានបទទី១ « ការមិនអនុវត្តនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានជាកត្តាជំរុញឱ្យកើនឡើងនូវវប្បធម៍ស្តីបន្ទោសជនរងគ្រោះ» និងប្រធានបទទី២ «ការកើនឡើងនៃការប្រើប្រាស់បណ្តាញសង្គមជាកត្តាជំរុញនាំឱ្យមានផលប៉ះពាល់ដល់ស្ត្រីជាជាងជួយស្ត្រី» ។ ការប្រកួតនេះ មានការចូលរួមពីអាណាព្យាបាលនៃបេក្ខជន អតីតបេក្ខជននៃ«ទស្សនៈយុវជន» រដូវកាលមុនៗ ព្រមទាំងសាធារណៈជនទូទៅ ដែលភាគច្រើនជាសិស្សវិទ្យាល័យ និងនិស្សិត។
លោក ឯក ពុទ្ធពិសិដ្ឋ ដែលជាប្រធានគម្រោងទស្សនៈយុវជនរដូវកាលទី៥ បានថ្លែងប្រាប់ កម្ពុជាថ្មី ថា បេក្ខជនទាំង៤ក្រុម បានបញ្ចេញសមត្ថភាព និងចំណេះដឹងពីការស្រាវជ្រាវលើប្រធានបទបានយ៉ាងសកម្ម ដែលធ្វើឱ្យទស្សនិកជនទាំងក្នុងការផ្សាយផ្ទាល់ និងសាធារណជនដែលចូលរួមផ្ទាល់នៅទីតាំង គាំទ្រនូវការបញ្ចេញសម្លេងរបស់ពួកគេ ដែលពោរពេញទៅដោយភាពក្លាហាន និងប្រើប្រាស់ទឡ្ហីករណ៍ដោយមានឯកសារយោងជាច្រើន។
បើតាមប្រភពដដែល បានឱ្យដឹងថា ក្រោយការបញ្ចេញសមត្ថភាពរវាងក្រុមទាំង៤ និងការវាយតម្លៃរបស់គណៈកម្មការដែលមានបទពិសោធន៍ទាំងបីរូប ជាលទ្ធផលនៃការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុម ពុទ្ធនារីឬទ្ធី និងក្រុម មេរ៉ាសម្បយោគបញ្ច បានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែមិថុនា ២០២៥។
គួររំលឹកថា ការប្រកួតជជែកដេញដោល«ទស្សនៈយុវជន» រដូវកាលទី៥នេះ ត្រូវបានសហការរៀបចំឡើងដោយ NGO-CEDAW និង RULErs។ មុននឹងឈានមកដល់វគ្គនេះ បេក្ខជនបានឆ្លងកាត់ការបណ្តុះបណ្តាលពីអ្នកជំនាញទាំងផ្នែកនិយាយជាសាធារណៈ និងការជជែកដេញដោល ព្រមទាំងប្រធានបទដែលពាក់ព័ន្ធនឹងស្រ្តី។ ក្រោយការបានប្រធានបទជជែកដេញដោល បេក្ខជនបានទទួលបានការណែនាំពីអ្នកណែនាំរបស់ខ្លួន ដែលជាអតីតជ័យលាភីប្រកួតនាឆ្នាំកន្លងមកផងដែរ៕