681 ezgif.com resize
Swift cc time

ក្រសួងអប់រំ ប្រកាសជ្រើសរើសយុវជន១៦រូប ចូលរួមកម្មវិធី«នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Sseayp International Cambodia (SIC)

ភ្នំពេញ៖ ក្រសួងអប់រំ ជ្រើសរើសប្រតិភូយុវជនចំនួន ១៦រូប ដើម្បីចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ "The Ship for Southeast Asian and Japanese Youth Program - SSEAYP” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែ​មករា ២០២៦ ដល់ថ្ងៃ ១៧ កុម្ភៈ ២០២៦​ នៅប្រទេសជប៉ុន សិង្ហបុរី និងថៃ។

យោងតាមការផ្សព្វផ្សាយរបស់ក្រសួងអប់រំបានឱ្យដឹងថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៩ នឹងប្រព្រឹត្តទៅរយៈពេល ៣២ ថ្ងៃ ដែលនឹងធ្វើការចាប់ផ្តើមពី ថ្ងៃទី១៥ ខែ​មករា ២០២៦ ដល់ថ្ងៃ ១៧ កុម្ភៈ ២០២៦។ កម្មវិធីនេះនឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន សិង្ហបុរី និងថៃ។ បច្ចុប្បន្ន ក្រសួងអប់រំកំពុងតែធ្វើការជ្រើសរើសប្រតិភូយុវជនចំនួន១៦រូប ដើម្បីចូលរួមកម្មវិធីនាវាយុវជននេះរហូតដល់ថ្ងៃទី២៦ មិថុនា។

ក្រសួងអប់រំ បានគូសបញ្ជាក់ថា យុវជនដែលអាចដាក់ពាក្យចូលរួមកម្មវិធីនេះបានតម្រូវឱ្យមានអាយុ ១៨ ឆ្នាំ ទៅ ៣០ ឆ្នាំ ដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ មានចំណាប់អារម្មណ៍ និងចំណេះដឹងជ្រៅជ្រះ ទាក់ទងនឹងអាស៊ាន និងប្រទេសជប៉ុន ព្រមទាំងមានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អ។ ហេតុនេះ យុវជនដែលមានចំណាប់អារម្មណ៍អាចធ្វើការដាក់ពាក្យតាមអនឡាញតាមរយៈតំណភ្ជាប់ https://forms.gle/Qkc9TC84mTQkxtik7 ឱ្យបានមុនថ្ងៃទី ២៦ មិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៥រសៀល។

បើតាមក្រសួងអប់រំ ជារៀងរាល់ឆ្នាំ កម្មវិធីនេះមានលើកយកនូវបញ្ហាផ្សេងៗមកពិភាក្សាក្នុងចំណោមយុវជន និងស្វែងរកដំណោះស្រាយ។ ហើយប្រធានបទដែលនឹងលើកយកមកពិភាក្សាក្នុងកម្មវិធិនាវាយុវជនឆ្នាំនេះមានដូចជា ការអប់រំប្រកបដោយគុណភាព, កំណើនសេដ្ឋកិច្ច និងទេសចរណ៍ដែលមាន ចីរភាព និងមានទំនួលខុសត្រូវ, បរិស្ថានសកល និងការប្រែប្រួលអាកាសធាតុ, ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងការស្តារឡើងវិញ, សុខុមាលភាពសង្គម និងបរិយាប័ន្ន, សង្គមឌីជីថល និងបញ្ញាសិប្បនិម្មិត។

គួរបញ្ជាក់ផងដែរថា កម្មវិធីនាវាយុវជនត្រូវបានប្រព្រឹត្តឡើងជាលើកទី៤៩ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសជប៉ុន និងតំបន់អាស៊ានដែលមានការចូលរួមពីយុវជនតំណាងប្រទេសនីមួយៗ៕

Khcct banner

អត្ថបទទាក់ទង