Smart saver cctime web bannertif

កញ្ញា អុន ស្រីមាន ជំរុញឱ្យសិស្សស្រីដាក់ពាក្យអាហារូបករណ៍ Harpswell ដើម្បីមានកន្លែងស្នាក់នៅសុវត្ថិភាព និងមានឱកាសពង្រឹងសមត្ថភាព

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
កញ្ញា អុន ស្រីមាន , អតីតជ័យលាភីអាហារូបករណ៍ហាប់ស្វែល

ភ្នំពេញ៖ កញ្ញា អុន ស្រីមាន អតីតជ័យលាភីអាហារូបករណ៍ហាប់ស្វែល ជំរុញឱ្យសិស្សស្រីដែលនឹងប្រលងបាក់ឌុបឆ្នាំនេះដាក់ពាក្យអាហារូបករណ៍ដ៏ល្អនេះ ដើម្បីទទួលបានការស្នាក់នៅជាមួយសិស្សនិស្សិតស្រីផ្សេងទៀតដោយមានសុវត្ថិភាព និងមាន​ឱកាសពង្រឹងសមត្ថភាពតាមរយៈការបណ្តុះបណ្តាលចំណេះនិងជំនាញជាច្រើនពីអង្គការ។ អាហារូបករណ៍ដែលផ្តល់ជូនជាកន្លែងស្នាក់នៅ ការហូបចុក ការបណ្តុះបណ្តាលជំនាញ កំពុងបើកទទួលពាក្យរហូតដល់ថ្ងៃទី ១០ មិថុនា ២០២៥។

កញ្ញា អុន ស្រីមាន និងនិស្សិតអាហារូបករណ៍ហាប់ស្វែល

កញ្ញា អុន ស្រីមាន ជាអតីតនិស្សិតអក្សរសាស្ត្រខ្មែរ ដែលបានបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីឆ្នាំ២០២២ ហើយបច្ចុប្បន្នកញ្ញាប្រកបអាជីពជាអ្នកសារព័ត៌មាននៅក្នុងស្ថាប័នមួយ។ កញ្ញា​ទទួលបានអាហារូបករណ៍ហាប់ស្វែលកាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ដោយកញ្ញាទទួលបាន​កន្លែង​ស្នាក់នៅ និង​អាហារ៣ពេល រួម​ជាមួយ​នឹង​ថ្នាក់រៀន​បន្ថែម​ជាច្រើន​ទៀតរួមមានថ្នាក់​ភាសា​អង់គ្លេស ភាសា​បារាំង ថ្នាក់​កុំព្យូទ័រ វគ្គ​បណ្តុះបណ្តាល​ពី​ភាព​ជា​អ្នកដឹកនាំ ជំនាញ​ត្រិះរិះ​ពិចារណា ការ​ជំរុញ​ការអាន​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ បូកផ្សំ​ជាមួយ​ការ​សង្ខេប​អត្ថបទ​ព័ត៌មាន​ជា​ភាសាខ្មែរ និង​អង់គ្លេស​ប្រចាំ​សប្តាហ៍។

កញ្ញា អុន ស្រីមាន អំឡុងពេលបំពេញការងារជាអ្នកសារព័ត៌មាន

កញ្ញា អុន ស្រីមាន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា នៅ​ពេល​កញ្ញា​ទទួល​បាន​អាហារូបករណ៍​អំឡុង​ពេល៤ឆ្នាំ​ ដែល​កញ្ញា​រៀន​នៅ​សាកលវិទ្យាល័យ កញ្ញា​ទទួល​បាន​កន្លែង​ស្នាក់នៅ​ប្រកប​ដោយ​ផាសុកភាព និង​សុវត្ថិភាព ដោយ​មិន​ចាំបាច់​បារម្ភ​រឿង​ចំណាយ​លើ​កន្លែង​ស្នាក់នៅ អាហារ​ហូបចុក ទឹក​ភ្លើង​នោះ​ទេ ពោល​គឺ​កញ្ញា​ចំណាយ​តែ​លើ​ថ្លៃ​បង់​សាលា និង​ចំណាយ​ផ្ទាល់​ខ្លួន​ផ្សេងៗ​ប៉ុណ្ណោះ។

កញ្ញា អុន ស្រីមាន អំឡុងពេលនៅជានិស្សិត បំពេញការងារស្ម័គ្រចិត្ត

កញ្ញា​បាន​សង្កត់ធ្ងន់​ថា អាហារូបករណ៍​ដែល​កញ្ញា​បាន​ទទួល​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កសាង​សមត្ថភាព និង​ផ្លាស់ប្ដូរ​ជីវិត​របស់​កញ្ញា ដោយសារតែអង្គការមានផ្តល់វគ្គបណ្តុះបណ្តាលនានាដូចជាការនិយាយជាសាធារណៈ ព្រមទាំងកម្មវិធីប្រកួតនានាដែលកញ្ញាមានឱកាសក្នុងការបញ្ចេញសមត្ថភាព និងបង្កើតផលវិជ្ជមានតាមរយៈគម្រោងដែលកញ្ញាបានធ្វើផងដែរ។

បើតាមកញ្ញាស្រីមាន បានឱ្យដឹងបន្តទៀតថា ដំណើរការ​ប្រឡង​អាហារូបករណ៍​នេះ​មាន ៣ ដំណាក់កាល។ ដំណាក់កាល​ទី ១ គឺ​ការ​សរសេរ​សំណេរ​តាម​ប្រធានបទ​ដែល​ហាប់ស្វែល​បាន​កំណត់​ឱ្យ។ បន្ទាប់មក ដំណាក់កាល​ទី ២ គឺ​ការ​សម្ភាសន៍​ផ្ទាល់​មាត់ ហើយ​ចុងក្រោយ ដំណាក់កាល​ទី ៣ គឺ​ការ​រង់ចាំ​លទ្ធផល​ប្រឡង​បាក់ឌុប។

បន្ថែមពីនេះ អតីតនិស្សិតអាហារូបករណ៍ហាប់ស្វែលរូបនេះ បានផ្តល់ជាគន្លឹះសម្រាប់សិស្សស្រីដែលមានបំណងក្នុងការដាក់ពាក្យអាហារូបករណ៍នេះថា “សម្រាប់ប្អូនៗដែលចង់ដាក់អាហារូបករណ៍នេះ ខ្ញុំសូមណែនាំឱ្យខិតខំរៀនឱ្យបានច្រើនដើម្បីប្រឡងបានពិន្ទុល្អសម្រាប់បាក់ឌុប។ បន្ទាប់មក ត្រូវគិតទស្សនវិស័យសម្រាប់ខ្លួន តើខ្លួនស្រឡាញ់ជំនាញអ្វីនៅសាកលវិទ្យាល័យ ហេតុអ្វីបានជាស្រឡាញ់ជំនាញនោះ? តើថ្ងៃអនាគតប្អូនចង់ក្លាយជាអ្វី ដើម្បីអភិវឌ្ឍន៍ខ្លួន ជួយគ្រួសារ និងសង្គមជាតិ។ ក្រៅពីគិតពីទស្សនវិស័យរបស់ខ្លួន ក៏ត្រូវខិតខំរៀនភាសាអង់គ្លេសដែរ ព្រោះនៅសាកលវិទ្យាល័យ យើងត្រូវការប្រើភាសាច្រើនដូចគ្នា។”។

សេចក្តីជូនដំណឹងនៃអាហារូបករណ៍

គួរបញ្ជាក់ថា អាហារូបករណ៍​នេះ​ត្រូវ​បាន​ផ្តល់​ជូន​ជា​ពិសេស​សម្រាប់​សិស្ស​នារី​នៅ​តាម​បណ្តា​ខេត្ត​ដែល​ទើប​តែ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បាក់ឌុបនាឆ្នាំថ្មីនេះ ហើយ​មាន​បំណង​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ ឬ​សិស្ស​នារី​ដែល​បាន​បញ្ចប់​បាក់ឌុប​ហើយ​តែ​មិន​ទាន់​បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ។ ដើម្បី​មាន​សិទ្ធិ​ដាក់ពាក្យ សិស្ស​នារី​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា៖ ជា​សិស្ស​ដែល​ទទួល​បាន​ពិន្ទុ​ល្អ​ក្នុង​ការប្រឡង​បាក់ឌុប ជា​សិស្ស​សកម្ម និង​ចូលរួម​កិច្ចការ​សង្គម មាន​សមត្ថភាព​ភាសា​អង់គ្លេស​ល្អ និង​មាន​គោលដៅ​ច្បាស់លាស់​សម្រាប់​អនាគត​ខ្លួនឯង និង​ប្រទេសជាតិ។ អាហារូបករណ៍នឹងបន្តទទួលពាក្យដល់ថ្ងៃទី ១០ មិថុនា ២០២៥ តាមរយៈតំណភ្ជាប់៖ https://harpswell.org/harpswell-recruitment


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង