681 ezgif.com resize
Swift cc time

យុវជនស្ម័គ្រចិត្តជាង៧០០នាក់ កំពុងទទួលវគ្គបណ្តុះបណ្តាលកម្មវិធី«ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» នៅខេត្តសៀមរាប

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភពរូបភាព៖ ក្រសួងអប់រំ 

សៀមរាប៖ នាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជននៃក្រសួងអប់រំ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិដល់យុវជនស្ម័គ្រចិត្ដនៃកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំឆ្នាំ ២០២៥” ដែលមកពីទាំង ២៥រាជធានីខេត្ត។ វគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិនេះនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ខេត្តសៀមរាប។ 

ក្រសួងអប់រំ បានគូសបញ្ជាក់ថា លោក សេរី ជំនះ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានចូលរួមបើកកម្មវិធីបណ្ដុះបណ្ដាលថ្នាក់ជាតិដល់យុវជនស្ម័គ្រចិត្ដនៃកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំឆ្នាំ ២០២៥”។ បន្ថែមពីនេះ កម្មវិធីបើកនេះមានការចូលរួមពីសំណាក់អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងអប់រំ ថ្នាក់ដឹកនាំមន្ទីរអប់រំ ដៃគូអភិវឌ្ឍ ក្រុមការងារស្នូលនៃកម្មវិធី អ្នកស្ម័គ្រចិត្តបង្គោលរាជធានី និងយុវជនស្ម័គ្រចិត្តទាំង២៥រាជធានីខេត្ត សរុបជាង ៧៨០នាក់។

បើតាមក្រសួងអប់រំ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ការណែនាំលម្អិតអំពីដំណើរការនៃការអនុវត្តកម្មវិធី ក៏ដូចជាការស្វែងយល់ពីរបៀបរៀបចំ និងតាក់តែងគម្រោង។ លើសពីនេះ វគ្គនេះនឹងបង្កើតឱកាសសម្រាប់ការតភ្ជាប់ទំនាក់ទំនងរវាងមន្ត្រីទទួលបន្ទុក និងអ្នកស្ម័គ្រចិត្តបង្គោលមកពីបណ្តារាជធានី-ខេត្តទូទាំងប្រទេស។ ជាមួយគ្នានេះ វគ្គបណ្តុះបណ្តាលនឹងណែនាំអំពីបទដ្ឋានសកលស្តីពីការស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍ ព្រមទាំងផ្តល់ឱកាសឱ្យមន្ត្រីសម្របសម្រួលកម្មវិធី និងយុវជនស្ម័គ្រចិត្តបានប្រាស្រ័យទាក់ទងគ្នា និងយល់ដឹងកាន់តែច្បាស់ពីការងារស្ម័គ្រចិត្ត។ ជាចុងក្រោយ វគ្គនេះក៏បានណែនាំអំពីការរៀបចំផែនការ ការជ្រើសរើសគម្រោង ការរៀបចំសរសេរគម្រោង និងការចុះអនុវត្តគម្រោងស្ម័គ្រចិត្តផងដែរ។

គួររំលឹកថា កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឬហៅថា (ស.ស.ខ) បានបង្កើតឡើងនៅឆ្នាំ២០១៩ ដោយបានអនុវត្តដំបូងនៅក្នុងខេត្តគោលដៅចំនួន១២ ដោយមានអ្នកស្ម័គ្រចិត្តបង្គោលរាជធានី ចំនួន២៤នាក់ និងយុវជនស្ម័គ្រចិត្តរាជធានី ខេត្ត ចំនួន២១៥នាក់ ចូលរួមអនុវត្តន៍លើគម្រោងសហគមន៍ ចំនួន៣៦គម្រោង។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០២៣ រហូតមកដល់ឆ្នាំ២០២៥នេះ កម្មវិធី ស.ស.ខ បានពង្រីកការអនុវត្តនៅទូទាំង ២៥ រាជធានី ខេត្ត។ ក្នុងឆ្នាំ២០២៥នេះ កម្មវិធី ស.ស.ខ. មានអ្នកស្ម័គ្រចិត្តបង្គោលរាជធានី ចូលរួមកើនឡើងដល់ចំនួន ៩០នាក់ និងយុវជនស្ម័គ្រចិត្តរាជធានីខេត្ត ចំនួន ៥៣៧នាក់ ដែលគ្រោងនឹងចុះអនុវត្តន៍គម្រោងតូចៗចំនួនជាង ៨៦គម្រោង នៅតាមសហគមន៍នានាទូទាំងប្រទេស៕


Khcct banner

អត្ថបទទាក់ទង