ភ្នំពេញ៖ និស្សិតខេមតិច៤រូប ដឹកនាំនិស្សិត១៥រូប ដើម្បីរៀបចំកម្មវិធីសប្បុរសធម៌ ចូលរួមចំណែកក្នុងការកសាងបណ្ណាល័យនៅសាលាបឋមសិក្សាវត្តលលៃក្នុងខេត្តសៀមរាប។ សាលាបឋមសិក្សាវត្តលលៃជាសាលាមួយដែលមានអាយុកាលជាង ៦៤ឆ្នាំ ដែលបានត្រូវផ្តួចផ្តើមនិងបង្កើតឡើងដោយ ព្រះគ្រូចៅអធិការវត្តលលៃព្រះនាម ញ៉ែម ញ៉ុក និងពុទ្ធបរិស៍ទ្ធចំណុះជើងវត្ត តាំងពីឆ្នាំ ១៩៦១។
យោងតាមរបាយការណ៍ក្រុមការងារគម្រោងសប្បុរសធម៌ បានឱ្យដឹងថា មកដល់បច្ចុប្បន្ន សាលាបឋមសិក្សាវត្តលលៃមានគ្រូចំនួន១១នាក់ (ស្រី៨នាក់) និងសិស្ស២៤២នាក់ (ស្រី១១៣នាក់) អាគារថ្ម១ខ្នងមាន៣បន្ទប់ និងអាគារឈើ១ខ្នងមាន២បន្ទប់ សម្រាប់សិក្សា និងមានគម្រោងសាងសង់បណ្ណាល័យមានជញ្ជាំងថ្ម ដំបូលស័ង្កសី ដែលត្រូវបានប៉ាន់ស្មានថាត្រូវចំណាយថវិកាប្រហែល៥០០០ដុល្លារ ដើម្បីលើកស្ទួយវប្បធម៌នៃការអាន។
ដើម្បីចូលរួមបង្កើតផលវិជ្ជមានជាមួយកុមារនៅសៀមរាប និស្សិតសាកលវិទ្យាល័យខេមតិច៤នាក់រួមមាននិស្សិត ថន សូពុទ្ធារិទ្ធិ, ពិសី បូរណ៍រន្តរ៍ចេស្តា, សារីរ័ត្ន មុនីនាថ, និងឱក ធន់ម្នីច័ន្ទមករា បានដឹកនាំនិស្សិតស្ម័គ្រចិត្តចំនួន ១៥នាក់ ដើម្បីរៃអង្គាសពីសប្បុរសជនក្នុងការបរិច្ចាគជាសម្ភារៈសិក្សា សម្លៀកបំពាក់ ឬ ថវិកាដើម្បីចូលរួមចំណែកជួយដល់សាលាបឋមសិក្សាវត្តលលៃក្នុងការសាងសង់បណ្ណាល័យមួយខ្នង និងជួយគាំទ្រការសិក្សារបស់សិស្សានុសិស្សនៅទីនោះ។
សប្បុរសជនអាចបរិច្ចាគទៅកាន់ទីតាំង ទីតាំងនៅសាកលវិទ្យាល័យខេមតិច ដោយផ្ទាល់ ឬ ទាក់ទងទៅកាន់លេខទំនាក់ទំនងក្រុមការងារ 078499645/099433683 ត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
តាមរយៈគម្រោងសប្បុរសធម៌នេះ យុវជនទាំង១៩រូបនឹងរួមបញ្ចូលនូវសកម្មភាពនានាដូចជាជាមួយកុមារ ដូចជា ការបរិច្ចាគសម្ភារៈសិក្សា សៀវភៅ ខ្មៅដៃ និងស្បែកជើង, ការល្បែងអប់រំនិងសកម្មភាពបែបស្ទីម(STEAM) ដែលជួយបង្កើតអារម្មណ៍សប្បាយរីករាយក្នុងការសិក្សា, កម្មវិធីអប់រំចិត្ត ដោយមានការរៀបចំការលេង ការស្តាប់និទានរឿង និងទស្សនាវីដេអូនានា ព្រមទាំងការផ្តល់ជូនរង្វាន់តូចៗដល់កុមារ ដើម្បីជាការលើកទឹកចិត្តនិងបង្កើនការចូលរួម។
ក្នុងនោះផងដែរ កញ្ញា ពិសី បូរណ៍រន្តរ៍ចេស្តា តំណាងឱ្យក្រុមការងាររៀបចំកម្មវិធី បានលើកឡើងថា «ការបង្កើតបទពិសោធន៍ដ៏សប្បាយ និងរួមបញ្ចូលការអប់រំសម្រាប់កុមារ ជាជំហានដំបូងសម្រាប់បង្កើតចំណង់ចំណូលចិត្តក្នុងការស្រឡាញ់សិក្សា និងមានគំនិតសុទិដ្ឋិនិយមដល់អនាគតរបស់ពួកគេ។ ទោះបីជាកម្រិតធនធានមានកំណត់ក៏ដោយ ក៏ក្រុមពួកយើងជឿជាក់ថា ការយកចិត្តទុកដាក់ ក្តីស្រឡាញ់ និងការចូលរួមរបស់យុវជនអាចផ្លាស់ប្តូរមុខមាត់សហគមន៍បានយ៉ាងពិតប្រាកដ។»៕