ភ្នំពេញ៖ និស្សិត៤ក្រុមនឹងប្រកួតជជែកដេញដោលក្រោមមូលបទ «ស្រ្តី និងសកលភាវូបនីយកម្ម» នៅថ្ងៃទី ២៥ ឧសភា ឆ្នាំ២០២៥។ ក្រោយឆ្លងកាត់ការបណ្តុះបណ្តាល ស្តីពីមូលបទនៃការប្រកួត និងតិចនិចក្នុងការនិយាយជាសាធារណៈក្នុងនាមជាអ្នកជជែកដេញដោល បេក្ខជនទាំង៤ក្រុមនឹងប្រកួតដើម្បីស្វែងរកក្រុមឆ្នើមពីរក្រុមទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
កញ្ញា តាំង មុយលាង ដែលជាអ្នកដឹកនាំគម្រោងកម្មវិធីប្រកួតជជែកដេញដោល «ទស្សនៈយុវជន»ប្រចាំឆ្នាំ២០២៥ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា រដូវកាលទី៥នេះ កម្មវិធីជជែកដេញដោលនឹងផ្តោតលើមូលបទ «ស្រ្តី និងសកលភាវូបនីយកម្ម» ក្រោមការសហការរៀបចំរវាង NGO-CEDAW និង RULErs ។ មកដល់ពេលនេះ បេក្ខជន បានឈានមកដល់ដំណាក់កាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលមានបេក្ខជន ៤ក្រុម គឺក្រុម ស្រ្តីសកលឬទ្ធិពល, មេរ៉ាសម្បយោគបញ្ច , សណ្តែកក្រហម, និង ពុទ្ធនារីឬទ្ធី ដែលក្នុងចំណោម ៤ ក្រុមនេះ មានតែពីរក្រុមប៉ុណ្ណោះនឹងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
បើតាមប្រធានគម្រោង បានឱ្យដឹងថា ការប្រកួតក្នងវគ្គពាក់កណ្តាលផ្តាច់ព្រ័តនេះ ក្រុមទាំងបួន នឹងជជែកដេញដោលទៅលើប្រធានបទពីរផ្សេងគ្នា។ ប្រធានបទទី១ « ការមិនអនុវត្តនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានជាកត្តាជំរុញឱ្យកើនឡើងនូវវប្បធម៍ស្តីបន្ទោសជនរងគ្រោះ» ជាការប្រកួតរវាងក្រុម ស្រ្តីសកលឬទ្ធិពល ជាមួយ ក្រុម មេរ៉ាសម្បយោគបញ្ច។ ប្រធានបទទី២ «ការកើនឡើងនៃការប្រើប្រាស់បណ្តាញសង្គមជាកត្តាជំរុញនាំឱ្យមានផលប៉ះពាល់ដល់ស្ត្រីជាជាងជួយស្ត្រី» ជាការប្រកួតរវាងក្រុម សណ្តែកក្រហម និង ក្រុម ពុទ្ធនារីឬទ្ធី។ ក្នុងចំណោមទាំងបួនក្រុមខាងលើ នឹងត្រូវជម្រុះយកតែពីរក្រុមប៉ុណ្ណោះដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
នៅក្នុងការជជែកដេញដោលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ «ទស្សនៈយុវជន» រដូវកាលទី៥ នឹងមានការចូលរួមដាក់ពិន្ទុដោយគណៈកម្មការវាយតម្លៃ៣រូប កញ្ញា ហេង បូដាលីន លោក ងួន វ៉ាយុ និង លោកស្រី អេង ចាន់ឌី។ គណៈកម្មការទាំង៣រូប សុទ្ធតែជាអ្នកដែលមានបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងស្រ្តី ផ្នត់គំនិតយេនឌ័រ ការងារសង្គម និងបច្ចេកទេសនៅក្នុងការជជែកដេញដោល។
ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ឧសភា ២០២៥ ដែលនឹងធ្វើនៅទីតាំង Anik Palace Hotel ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៥ ល្ងាច។ ប្រសិនបើមានចំណាប់អារម្មណ៍ក្នុងការចុះឈ្មោះ សូមចូលទៅកាន់តំណភ្ជាប់ចុះឈ្មោះឱ្យបានរួសរាន់ ព្រោះចំនួនមានកំណត់។
កញ្ញា មុយលាង បានបន្តរៀបរាប់ថា ទម្រាំមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បេក្ខជនទាំង ១៦ រូប បានឆ្លងកាត់ដំណាក់កាលជាច្រើនដូចជា ការដាក់ពាក្យអនឡាញ ការសម្ភាស ការបណ្តុះបណ្តាលពីរលើក ដែលណែនាំពីមូលបទនៃការប្រកួតនៅឆ្នាំនេះ ព្រមទាំងតិចនិចក្នុងការនិយាយជាសាធារណៈក្នុងនាមជាអ្នកជជែកដេញដោលផងដែរ ដែលត្រូវបានបណ្តុះបណ្តាលដោយអ្នកដែលមានបទពិសោធន៍ដូចជា បុគ្គលិកនៃ NGO-CEDAW អ្នកនាង សៀក ពេជ្ររចនា និងលោក ងួន វ៉ាយុ ដែលជាអ្នកមានបទពិសោធន៍ និងទទួលបានជ័យលាភីក្នុងការប្រកួតជាច្រើនទាំងកម្មវិធីថ្នាក់ជាតិ។
គួរបញ្ជាក់ផងដែរថា ឆ្នាំនេះជាលើកទី៥ហើយដែលក្រុមការងារ RULErs និង NGO-CEDAW បានសហការគ្នាក្នុងការរៀបចំការប្រកួតជជែកដេញដោលលើប្រធានបទជុំវិញសិទ្ធស្រ្តី និងសមភាពយេនឌ័រ៕