Smart saver cctime web bannertif

ក្រសួងរៀបចំដែនដី បាននិងកំពុងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយជារបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីជំរុញបន្ថែមទៀតនូវការអនុវត្តគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យក្លាយជារបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល ជាកន្លែងបង្កើតការងារ និងជាកន្លែងសំរាប់បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។

ថ្លែងក្នុងកិច្ចប្រជុំជីវភាពអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា អ្វីដែលយើងខិតខំប្រឹងប្រែងគិតគូរនេះគឺដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់ឆ្នេរបានមើលឃើញយ៉ាងច្បាស់ពីភាពរីកចម្រើនពិតប្រាកដ ដែលមិនមែនគ្រាន់តែនិយាយ ប៉ុន្តែជាការអនុវត្តជាក់ស្ដែង ហើយនោះគឺអ្វីដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលដែលចង់ឃើញប្រជាពលរដ្ឋរស់នៅមានសុភមង្គលជួបជុំក្រុមគ្រួសារ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានសុខភាពល្អ មានប្រាក់ចំណូល មានជីវភាពប្រសើរឡើង និងរស់នៅក្នុងបរិស្ថានស្អាត ជាពិសេសគឺចង់ឱ្យតំបន់ឆ្នេរសំបូរទៅដោយធនធានមនុស្សដែលមានចំណេះដឹងនិងភាពវាងវៃ ជាគោលដៅដ៏គួរឱ្យចាប់អារម្មណ៍សំរាប់អ្នកវិនិយោគគ្រប់ទិសទី។

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម បានណែនាំនិងជំរុញដល់ គ.អ.ឆ.ក ឱ្យមានការឯកភាពគ្នា ដើម្បីស្វែងរកនូវទស្សនវិស័យរួម ដោយពិនិត្យឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាដែលត្រូវធ្វើ ពោលគឺទឹក ភ្លើង ផ្លូវ រួមទាំងគម្រោងអាទិភាពទាំងឡាយរបស់តំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងស្មារតីប្រែក្លាយតំបន់ឆ្នេរឱ្យទៅជារបៀងសេដ្ឋកិច្ចស្របទៅតាមសក្ដានុពលដែលមាន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង