681 ezgif.com resize
Swift cc time

បេក្ខជន៥រូប បានជ័យលាភីក្នុង«ការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រ ២០២៥​» ក្នុងចំណោមអ្នកប្រកួតជាង១០០នាក់

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ បេក្ខជន៥រូប បានជ័យលាភីក្នុងការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ (Cambodia National Cybersecurity Competition 2025) បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល ៨ម៉ោង នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ បេក្ខជនឆ្នើម៤រូប និងតំណាងកម្ពុជា សម្រាប់ចូលរួមប្រកួតវគ្គអាស៊ាន និងវគ្គអាស៊ានសាយប័រស៊ីហ្គេម នៅប្រទេសថៃ។

យោងតាមការប្រកាសនៃក្រសួងប្រៃសនីយ៍(ក.ប.ទ) កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃ ក.ប.ទ. ក្នុងគោលបំណងជ្រើសរើសបេក្ខភាពឆ្នើមចំនួន ៤រូប តំណាងប្រទេសកម្ពុជា សម្រាប់ចូលរួមប្រកួតវគ្គអាស៊ាន (ASEAN ROUND) និងវគ្គអាស៊ានសាយប័រស៊ីហ្គេម (ASEAN Cyber SEA Game) រៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សម្រាប់កសាងសមត្ថភាពសន្តិសុខសាយប័រ ASEAN-Japan Cybersecurity Capacity Building Centre (AJCCBC) នៅប្រទេសថៃ។

ក្នុងចំណោមបេក្ខជនចំនួន ១០០រូប ដែលបានចូលរួមក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញនោះ មានបេក្ខជនឆ្នើមចំនួន ៥រូប បានដណ្តើមជ័យលាភី និងទទួលបានមេដាយព្រមទាំងរង្វាន់លើកទឹកចិត្តគួរឱ្យកត់សម្គាល់។ លោក ប៉ាន់ វិច្ឆិកា បានគ្រងជ័យលាភីលេខ ១ ជាមួយនឹងទឹកប្រាក់រង្វាន់ចំនួន ២លានរៀល ខណៈដែលលោក ស៊ុន គីមស្រួល ទទួលបានជ័យលាភីលេខ ២ ជាមួយទឹកប្រាក់ ១លាន ៥សែនរៀល។ ចំណែកឯលោក ហាក់ វិទូ បានទទួលជ័យលាភីលេខ ៣ នូវទឹកប្រាក់ចំនួន ១លានរៀល។ លើសពីនេះ លោក ប៊ុនចំណាន បានទទួលជ័យលាភីលេខ ៤ និងលោក ម៉េង រដ្ឋារី លេខ ៥ ទទួលបានទឹកប្រាក់រង្វាន់ចំនួន ៥សែនរៀលដូចគ្នា។

ក្រសួងប្រៃសនីយ៍ គូសបញ្ជាក់ថា កម្មវិធីប្រកួតនេះបានប្រកាសបេក្ខជនឆ្នើមចំនួន ១៥រូប បន្ថែមពីលើបេក្ខជនជ័យលាភីចំនួន ៥រូប ខាងលើ ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ៤ខែ សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតបន្តទៀត។

គួរបញ្ជាក់ថា កម្មវិធីប្រកួតថ្នាក់ជាតិសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ មានគោលបំណងក្នុងការលើកកម្ពស់មូលធនឌីជីថលនៅក្នុងវិស័យសន្តិសុខសាយប័រ និងការប្រកួតប្រជែងក្នុងវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជានិងក្នុងតំបន់៕

Khcct banner

អត្ថបទទាក់ទង