Smart saver cctime web bannertif

ក្រសួងរៀបចំដែនដី ផ្ដោតការយកចិត្តទុកដាក់អំពីគុណភាព និងសុវត្ថិភាពសំណង់នៅកម្ពុជា ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរនាសហសម័យកាន់តែប្រសើរឡើង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាស្ដីពីគុណភាព និងសុវត្ថិភាពសំណង់នៅប្រទេសកម្ពុជា នៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកសិក្ខាសាលានេះថាមានសារៈសំខាន់ ពីព្រោះជាឱកាសជួបជុំគ្នាមួយដែលយើងទាំងអស់គ្នាគឺជាអ្នកទទួលខុសត្រូវ និងកំណត់នូវកិច្ចការដែលយើងត្រូវអនុវត្តឱ្យបានជោគជ័យនាថ្ងៃអនាគតសំរាប់កម្ពុជាលើផ្នែកស្ថាបត្យកម្ម និងវិស្វកម្ម។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា អគ្គនាយកដ្ឋានសំណង់ គឺជាអគ្គនាយកដ្ឋានស្នូល ដើម្បីប្រយុទ្ធនឹងសមរភូមិការងារទាក់ទិននឹងគុណភាព និងសុវត្ថិភាពសំណង់នៅប្រទេសកម្ពុជា ហើយក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ ក៏ជាសេនាធិការដ៏សំខាន់ចាំបាច់ផងដែរក្នុងការបង្កើតច្បាប់ និងអនុវត្ត។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីឈានសម្រេចបាននូវគោលបំណងរបស់យើងទាក់ទិននឹងគុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់ គឺត្រូវផ្ដើមចេញពីគំនិត ទស្សនវិស័យ បទដ្ឋានបច្ចេកទេស ដែលត្រូវមានការឯកភាពគ្នាតែមួយ ក្នុងស្មារតីធ្វើការជាក្រុម ស្មារតីជាសង្គមជាតិមួយ និងប្រទេសជាតិមួយ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ទៅថ្ងៃមុខ យើងត្រូវមានគំនិតទស្សនៈរួមរបស់កម្ពុជា ហើយក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ ត្រូវកំណត់ជាទស្សនវិស័យ ជាបទដ្ឋានបទបញ្ញត្តិទាំងអស់ ថាតើយើងគួរធ្វើដូចម្ដេចទាក់ទិននឹងវិស័យសំណង់សំរាប់ស្ថាបត្យកម្មខ្មែរនាសហសម័យក្នុងសង្គមជាតិមួយនេះ ដែលស្របតាមទីតាំងភូមិសាស្ត្រនៃតំបន់នីមួយៗ និងអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ ដែលអាចធានាឱ្យប្រជាជនរស់នៅតជំនាន់បាន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង