ភ្នំពេញ៖ អង្គការ Education First Cambodia ផ្តល់អាហារូបករណ៍ដល់និស្សិតស្រីមកពីសាកលវិទ្យាល័យចំនួន៦ ដែលនឹងចាប់ផ្តើមចូលរៀនឆ្នាំទី២នៅខែកញ្ញា ឆ្នាំ២០២៥។ អាហារូបករណ៍នេះ ផ្តល់ជូនជំនួយហិរញ្ញវត្ថុ ការសិក្សាភាសាអង់គ្លេស វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងជំនាញកុំព្យូទ័រ។
យោងតាមសេចក្តីជូនដំណឹងនៃ Education First Cambodia បានឱ្យដឹងថា អាហារូបករណ៍នេះផ្តល់ជូនសម្រាប់សិស្សស្រីមកពីសាកលវិទ្យាល័យចំនួន៦ សិក្សាក្នុងជំនាញណាមួយក៏បាននៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យសុខាភិបាល រីឯសិស្សស្រីនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អាហារូបករណ៍ផ្តល់ជូនសម្រាប់សិស្សដែលរៀនផ្នែកគីមីចំណីអាហារ តែប៉ុណ្ណោះ ហើយនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សិស្សរៀនជំនាញអ្វីក៏បាន លើកលែងតែថ្នាក់អន្តរជាតិ។
Education First Cambodia បានគូសបញ្ជាក់ថា ដើម្បីអាចដាក់ពាក្យបាន សិស្សត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា មានកម្រិតពិន្ទុ GPA យ៉ាងតិច ៣.០ ( ប្រចាំឆមាសទី១នៃឆ្នាំទី១) ហើយជានិស្សិតស្រីដែលមកពីសាកលវិទ្យាល័យណាមួយក្នុងចំណោមសាលាទាំង៦ខាងលើ ដែលកំពុងត្រូវការជំនួយហិរញ្ញវត្ថុ។
មុននឹងអាចជាប់អាហារូបករណ៍នេះ និស្សិតនឹងឆ្លងកាត់ដំណាក់កាលចំនួន៣ធំៗ គឺ បំពេញពាក្យអនឡាញ ធ្វើតេស្តសរសេរ និងសម្ភាស។ សិស្សអាចជ្រើសរើសបំពេញពាក្យជាភាសាខ្មែរ ឬ អង់គ្លេស ហើយបំពេញពាក្យឱ្យបានមុនថ្ងៃទី ០៥ មិថុនា ២០២៥ មុនម៉ោង១១:៣០យប់។ សិស្សអាចដាក់ពាក្យតាមរយៈ តំណភ្ជាប់ ។
គួររំលឹកថា និស្សិតដែលជាប់អាហារូបករណ៍នេះជាស្ថាពរ នឹងទទួលបានជំនួយហិរញ្ញវត្ថុ ការសិក្សាភាសាអង់គ្លេស និងសិក្សាជំនាញកុំព្យូទ័រ ព្រមទាំងបានទទួលការបណ្តុះបណ្តាលពីភាពជាអ្នកដឹកនាំ៕