681 ezgif.com resize
Swift cc time

លោកស្រី ឱក សុគន្ធកញ្ញា ស្ម័គ្រចិត្ត​ទទួល​តំណែង​ជា​ទូត​សុច្ឆន្ទៈ​នៃ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា ដើម្បី​លើក​កម្ពស់​ការ​អប់រំ​ដល់​យុវជន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោកស្រី ឱក សុគន្ធកញ្ញា ស្ម័គ្រចិត្ត​ទទួល​តំណែង​ជា​ទូត​សុច្ឆន្ទៈ​នៃ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា ដើម្បី​លើក​កម្ពស់​ការ​អប់រំ​ដល់​យុវជនជំនាន់ក្រោយ តាមរយៈការផ្សព្វផ្សាយពីសកម្មភាពកាយរឹទិ្ធជាតិកម្ពុជា។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី ១៩ ឧសភា នៅ​ទីស្តីការ​ក្រសួង​អប់រំ ក្រោមវត្តមាន បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សច្ចាប្រណិធាន និង​បំពាក់​កន្សែង​ជូន​លោកស្រី។

នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​ទីស្តីការ​ក្រសួង​អប់រំ ​ពិធី​សច្ចាប្រណិធាន និង​បំពាក់​កន្សែង​ជូន​លោកស្រី ឱក សុគន្ធកញ្ញា និង​ប្រកាស​ជា​ទូត​សុច្ឆន្ទៈ​នៃ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា ​មាន​ការ​ចូលរួម​ពី​សំណាក់ ថ្នាក់ដឹកនាំ​កាយរឹទ្ធិជាតិកម្ពុជា និង​ក្រុម​ការងារ​ពាក់ព័ន្ធ​ក្រោម​ឱវាទ។

ក្នុង​ឱកាស​នោះ បណ្ឌិតសភាចារ្យ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ស្ម័គ្រចិត្ត​របស់​លោកស្រី ឱក សុគន្ធកញ្ញា ក្នុង​ការ​ទទួល​យក​ភារកិច្ច​ជា​ទូត​សុច្ឆន្ទៈ​នៃ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ពី​សកម្មភាព​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា សំដៅ​លើក​កម្ពស់​ការ​អប់រំ​ដល់​យុវជន​ជំនាន់​ក្រោយ ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា ដែល​តែងតែ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ឱ្យ​យុវជន​ចូលរួម​ក្នុង​ការងារ​សង្គម ដើម្បី​បង្កើន​ភាព​ធន់ និង​ចំណេះ​ដឹង ប្រែក្លាយ​ខ្លួន​ជា​កម្លាំង​ចលករ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ជាតិ។

ជា​ការ​ឆ្លើយ​តប លោកស្រី ឱក សុគន្ធកញ្ញា បាន​គូស​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​រួម​ចំណែក​ឱ្យ​កាន់​តែ​សកម្ម​ថែម​ទៀត​ដល់​សកម្មភាព​មនុស្សធម៌ សប្បុរសធម៌ ធ្វើ​ជា​គំរូ​បង្ហាញ​នូវ​ទង្វើ​ល្អ​ក្នុង​ការ​រស់​នៅ សច្ចធម៌ គុណធម៌ សន្តិភាព​ផ្លូវ​ចិត្ត ព្រម​ទាំង​ជំរុញ​លើក​ទឹក​ចិត្ត​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ក្លាយ​ជា​កូន​ល្អ មិត្ត​ល្អ សិស្ស​ល្អ និង​ពលរដ្ឋ​ល្អ។ ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ លោកស្រី នឹង​បន្ត​ជួយ​ផ្សព្វផ្សាយ​រូបភាព​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា និង​ការ​អប់រំ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ឱ្យ​កាន់​តែ​ទូលំទូលាយ​ថែម​ទៀត។

គួរបញ្ជាក់ថា លោកស្រី ឱក សុគន្ធកញ្ញា ជាតារាចម្រៀងមួយរូបដែលមានប្រជាប្រិយភាពក្នុងពេលបច្ចុប្បន្ន។ លោកស្រី ប្រឡូកក្នុងវិស័យសិល្បៈតាំងពីកុមារភាពមកម្ល៉េះ ដែលច្រៀងនូវបទចម្រៀងទាំងមនោសញ្ចេតនា ការជំរុញទឹកចិត្ត និងប្រភេទផ្សេងៗទៀតជាច្រើន៕


Khcct banner

អត្ថបទទាក់ទង