ភ្នំពេញ៖ AUPP Debate Open 2025 បើកទទួលពាក្យពីសិស្សានុសិស្សដែលមានចំណូលចិត្តក្នុងការជជែកដេញដោលចំនួន ៤០ក្រុម ដើម្បីចូលរួមបញ្ចេញនូវសមត្ថភាព និងអភិវឌ្ឍនូវជំនាញក្នុងការគិតពិចារណា ដោះស្រាយបញ្ហា និងវែកញែកប្រធានបទនានាដោយការប្រើប្រាស់ជំនាញក្នុងការនិយាយ និងការជជែកដេញដោលជាភាសាអង់គ្លេសបែបសភាអាស៊ាន។ កម្មវិធីជជែកដេញដោលនេះ នឹងទទួលពាក្យត្រឹមថ្ងៃទី 30 ឧសភា 2025។
យោងតាមក្រុមការងាររៀបចំ AUPP Debate Open 2025 បានឱ្យដឹងថា កម្មវិធីជជែកដេញដោលនេះជ្រើសរើសនិស្សិតចុះឈ្មោះជាក្រុមដែលមានសមាជិក៣នាក់ តែក្នុងករណីដែលសិស្សមិនទាន់មានក្រុម អាចចុះឈ្មោះជាបុគ្គល បន្ទាប់មកក្រុមការងារនឹងចាប់ក្រុមឱ្យតាមក្រោយ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅចំនួន៤ជុំគឺ វគ្គជម្រុះបឋម (Preliminary Rounds)៖ 5 ជុំ , វគ្គជម្រុះ8ក្រុមចុងក្រោយ (Quarter Final Round)៖ 1 ជុំ, វគ្គជម្រុះពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (Semi Final Round)៖ 1 ជុំ និង វគ្គជម្រះផ្ដាច់ព្រ័ត្រ (Final Round)៖ 1 ជុំ។
បើតាមប្រភពដដែលបានឱ្យដឹងថា ការប្រកួតនេះ ពុំមានកំណត់លក្ខខណ្ឌក្នុងការដាក់ពាក្យនោះឡើយ ពោលសិស្សានុសិស្សមកពីគ្រប់កម្រិតថ្នាក់អាចដាក់ពាក្យប្រកួតបាន តាមរយៈ តំណភ្ជាប់ ឱ្យបានមុនថ្ងៃទី ៣០ ឧសភា ២០២៥។ ក្នុងករណីមានចម្ងល់បន្ថែមពាក់ព័ន្ធនឹងការដាក់ពាក្យ និងតម្លៃនៃការចុះឈ្មោះ សូមទាក់ទងទៅកាន់ AUPP Debate Open 2025 ។ ក្រៅពីការប្រកួតផ្ទាល់ កម្មវិធីមានរៀបចំជាវគ្គបណ្ដុះបណ្ដាលដើម្បីផ្ដល់ជាការហ្វឹកហាត់ និងណែនាំពីព័ត៌មាននិងគន្លឹះសំខាន់ៗទៅដល់បេក្ខជន។ ការប្រកួតនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៨ និង ២៩ ខែមិថុនា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ កម្មវិធីនេះ មានការចូលរួមប្រកួតពីសិស្សានុសិស្សមកពីបណ្តាខេត្តក្រុងចំនួន២២ក្រុម ក្នុងរយៈពេលចំនួនបីថ្ងៃ ដែលមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់៕