
ថៃ៖ ប្រទេសថៃបានរកឃើញករណីកូវីដឆ្លងថ្មីជាង ៧១,០០០ នាក់ និងមានអ្នកស្លាប់ចំនួន ១៩ នាក់ដែលករណីទាំងនេះត្រូវបានរាយការណ៍កើតមាននៅចន្លោះថ្ងៃទី១ ខែមករាដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥។ តាមមន្ត្រីជំនាញថៃការកើនឡើងឆ្លងថ្មីនេះភាគច្រើនដោយសារតែការបម្លែងថ្មីវ៉ារ្យ៉ង់ អូមីក្រុង XEC ដែលជាប្រភេទមរោគជំនាន់ថ្មីដែលងាយឆ្លងជាងអូមីក្រុងធម្មតា។ មេរោគបម្លែងថ្មី អូមីក្រុង XEC ត្រូវបានកំណត់អត្តសញ្ញាណឆ្លងជាលើកដំបូងនៅក្នុងប្រទេសអាឡឺម៉ង់ក្នុងខែមិថុនា ឆ្នាំ ២០២៤ វ៉ារ្យ៉ង់ XEC ត្រូវបានរកឃើញនៅក្នុងប្រទេសយ៉ាងហោចណាស់ ១៥ នៅទូទាំងទ្វីបអឺរ៉ុប អាម៉េរិកខាងជើង និងអាស៊ី ហើយប្រភេទមេរោគនេះ រីករាលដាល ៨៤-១១០% លឿនជាងប្រភេទអូមីក្រុងផ្សេងទៀត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃការកើនឡើងឆ្លងថ្មីនៃករណីនេះកើតឡើងបន្ទាប់ពីសង្រ្គាន្តនៃប្រទេសថៃ ដែលមានការកើនឡើងនៃការធ្វើដំណើរ និងការជួបជុំមនុស្ស និងភ្ញៀវទេសចរជាច្រើនដែលបានសម្រុកទៅលេងសង្រ្គាន្តនៃប្រទេសថៃ។ អាជ្ញាធរសុខាភិបាលថៃកំពុងជំរុញឱ្យសាធារណជនរក្សាការប្រុងប្រយ័ត្នដោយតាមដានរោគសញ្ញា អនុវត្តការលាងដៃឱ្យបានញឹកញាប់ និងពាក់ម៉ាស់នៅកន្លែងដែលមានមនុស្សច្រើន។ រោគសញ្ញាមួយចំនួននៃការកើតមេរោគកូវីដបម្លែងថ្មីរួមមានរោគសញ្ញានៃវ៉ារ្យង់ XEC ស្រដៀងនឹងវ៉ារ្យង់អូមីក្រុងដទៃទៀត។ រោគសញ្ញាទូទៅរួមមាន ក្តៅខ្លួន ឈឺក បាត់បង់រសជាតិឬក្លិន ក្អក បាត់បង់ចំណង់អាហារ ឈឺខ្លួន ពិបាកក្នុងការដកដង្ហើមលំបាក ឈឺសាច់ដុំ ឈឺក្បាល។

ឆ្លើយតបនឹងការកើនឡើងនេះទីក្រុងហូជីមិញក្នុងប្រទេសវៀតណាមបានណែនាំប្រជាជនឱ្យពាក់ម៉ាស់នៅទីសាធារណៈ និងជៀសវាងការជួបជុំធំ ជាពិសេសជួបជាមួយមនុស្សដែលត្រឡប់មកពីប្រទេសដែលមានករណីឆ្លង កូវីដ១៩ ខ្ពស់ រួមទាំងអ្នកធ្វើដំណើរមកពីប្រទេសថៃផងដែរ៕