
ភ្នំពេញ៖ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) កំពុងបើកទទួលពាក្យពីយុវជនដែលមានអាយុចន្លោះ ១៨ ទៅ ២៥ឆ្នាំ ដើម្បីចូលរួមធ្វើសកម្មភាពដើម្បីចូលរួមចំណែកដើម្បីសម្រេចគោលដៅប្រកបដោយចីរភាព ក្នុងកម្មវិធីយុវទូតស្ម័គ្រចិត្តដើម្បីSDGs។ កម្មវិធីនឹងទទួលពាក្យរហូតដល់ថ្ងៃទី ១៩ ឧសភា ២០២៥។
យោងតាមសេចក្តីជូនដំណឹងនៃ កម្មវិធីយុវទូតស្ម័គ្រចិត្តដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) បានឱ្យដឹងថា ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា មានអាយុចន្លោះ ១៨ ទៅ ២៥ ឆ្នាំ ដែលមានឆន្ទៈក្នុងការងារស្ម័គ្រចិត្តដើម្បីផលវិជ្ជមានក្នុងសង្គម និងមានការយល់ដឹងពី SDGs អាចប្រើប្រាស់បណ្តាញសង្គម និងមានកម្រិតភាសាអង់គ្លេសល្អប្រសើរ។ បន្ថែមពីនេះ បេក្ខជនជាអ្នកដែលអាចធ្វើការងារជាក្រុម មានជំនាញក្នុងការទាក់ទង មានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញកិច្ចការយ៉ាងតិច ៥ថ្ងៃ ក្នុងមួយសប្តាហ៍ ដែលចំណាយពេល៤ម៉ោងក្នុងមួយថ្ងៃ និងជាសិស្សដែលកំពុងសិក្សាបីសាកលវិទ្យាល័យ។

បើតាមសេចក្តីជូនដំណឹង ទំនួលខុសត្រូវជាយុវជនស្ម័គ្រចិត្តរួមមាន ដឹកនាំរៀបចំកម្មវិធីនានាដែលលើកកម្ពស់ការយល់ដឹងពី SDGs និងការចូលរួមរបស់យុវជន រក្សាទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ ពិនិត្យមើលស្ថានភាពនៃការអនុវត្តសកម្មភាពឆ្លើយតបនឹង SDGs និងបញ្ហាប្រឈម ព្រមទាំងសរសេររបាយការណ៍ និងផលិតវីដេអូ។ ចំណែកឯអត្ថប្រយោជន៍ដែលសិស្សទទួលបានរួមមាន ការពង្រឹងសមត្ថភាព ការបង្កើតទំនាក់ទំនងជាមួយនឹងដៃគូពាក់ព័ន្ធ វិញ្ញាបនបត្របញ្ជាក់ពីបទពិសោធន៍ការងារនេះ និងប្រាក់ធ្វើដំណើរប្រចាំខែ។ ដើម្បីអាចដាក់ពាក្យ យុវជនអាចបំពេញពាក្យសុំចូលរួមកម្មវិធីតាម តំណភ្ជាប់ ឱ្យបានមុនថ្ងៃទី ១៩ ឧសភា ២០២៥។ ក្នុងករណីមានចម្ងល់បន្ថែម សូមទាក់ទងទៅកាន់ ០២៣ ២១៤ ១៥២។

គួរបញ្ជាក់ថា អង្គការ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក.) គឺជាអង្គការសមាជិកភាពឈានមុខសម្រាប់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេសនៅក្នុងប្រទេសកម្ពុជា។ អង្គការ គ.ស.ក. មានសមាជិក២០០ អង្គការ ដែលធ្វើការងារអភិវឌ្ឍលើវិស័យផ្សេងៗ។ គ.ស.ក. បានដើរតួនាទីជាពិសេសក្នុងនាមជាអ្នកសម្របសម្រួល អ្នកឃ្លាំមើល និងអ្នកតស៊ូមតិ ដើម្បីបរិយាកាសអំណោយផល និងមជ្ឈមណ្ឌលធនធានប្រកបដោយនិរន្តរភាពសម្រាប់អង្គការសង្គមស៊ីវិលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕